ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​២​នាក់​អោយ​រងរបួស​ធ្ងន់​ក្រោយពី​ពួកគេ​ឆ្លងដែន​ចូលទៅ​លួច​មាន់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 October, 2017 ក+ ក-

បាត់ដំបង ៖ ពលរដ្ឋ​ខ្មែរ​ចំនួន​២​នាក់​ត្រូវបាន​ថៃ​បាញ់​អោយ​រងរបួស​ធ្ងន់​ក្រោយពី​ពួកគេ​ឆ្លងដែន​ចូលទៅ​ធ្វើ​សកម្មភាព​លួច​មាន់​ជល់​នៅក្នុង​ទឹកដី​ថៃ​។​
លោក អួន ខុន មេ​ប៉ុស្តិ៍នគរបាល​គីឡូ​៩ ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​យើង​នៅ​រសៀល​ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧​នេះ​ថា ហេតុការណ៍​ពលរដ្ឋ​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​២​នាក់​អោយ​រងរបួស​ធ្ងន់​ខាង​លើ​នេះ​បាន​បង្ករ​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​ប្រហែល​៤​ទៀបភ្លឺ ថ្ងៃទី​១១ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំណុច​ភូមិ​រ៉ា​សុ​ភី ឃុំ​ខ្លង​ហាត ស្រុក​ខ្លង​ហាន ខេត្ត​ស្រះកែវ​។
ពលរដ្ឋ​ខ្មែរ​រងគ្រោះ​ទាំង​២​នាក់​រួមមាន ៖ ទី​១​ឈ្មោះ រឿ​ម រឹម ហៅ​ងោ​ល​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​រស់នៅ​ភូមិ​ល្វា ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​(​របួស​ត្រូវ​ជើង​)​។ ទី​២​ឈ្មោះ ស្រី ភក្តី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​រស់នៅ​ភូមិ​អូរ​ល្វា ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​(​របួស​ត្រូវ​ជើង​)​។​
​ជនរងគ្រោះ​ទាំង​២​នាក់​ក្រោយពេល​កើតហេតុ​ភ្លាមៗ​ត្រូវបាន​ពលរដ្ឋ​ប្រទះឃើញ​ដេក​ដួល​នៅលើ​វាលស្មៅ​និង​បាន​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន​ក្រោយមក​ត្រូវបាន​ទាហាន​ថៃ​ដឹក​យកទៅ​សំរាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ប្រទេស​ថៃ​តែម្តង​។
លោក អួន ខុន មេ​ប៉ុស្តិ៍នគរបាល​គីឡូ​៩​ស្រុក​សំពៅ​លូន​បាន​បញ្ជាក់ទៀតថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​ជា​ពលរដ្ឋ​ខ្មែរ​ទាំង​២​នាក់​បាន​ឆ្លងដែន​ចូលទៅក្នុង​ទឹកដី​ថៃ​ហើយ​បានធ្វើ​សកម្មភាព​លួច​យក​មាន់​ជល់​ហើយ​ត្រូវបាន​ពលរដ្ឋ​ថៃ​បាញ់​ដើម្បី​បង្អើល​មិនមែន​មានបំណង​បាញ់សម្លាប់​នោះទេ​តែ​បណ្តាលអោយ​ត្រូវ​ជើង​រងរបួស​កកិតៗ​ទាំង​២​នាក់​តែម្តង​។
បច្ចុប្បន្ន​ជនរងគ្រោះ​ទាំង​២​នាក់​ត្រូវបាន​ក្រុម​សាច់ញាតិ​ទៅ​ទទួលយក​ត្រឡប់មក​ព្យាបាល​បន្ត​នៅផ្ទះ​រៀងៗ​ខ្លួន​វិញ​ហើយ​៕