ម៉ិកស៊ិក ៖ មន្ត្រីបាននិយាយថា មនុស្សចំនួន១៦នាក់ស្លាប់ និង៨នាក់ទៀតរងរបួសក្នុងអំពើកុបកម្មនៅ ពន្ធគារមួយនៅរដ្ឋនូវ៉ូឡេអូននៅភាគខាងជើងប្រទេសម៉ិកស៊ិក ដោយក្នុងនោះមានឆ្មាំពន្ធនាគារចំនួន២នាក់ផងដែរបានរងរបួសធ្ងន់ ខណៈដែលរដ្ឋាភិបាលនៅក្នុងរដ្ឋនេះបាននិយាយពីថ្ងៃម្សិលមិញថា អ្នកទោសចំនួន៣នាក់ទៀតបានស្លាប់ដោយត្រូវរបួសធ្ងន់ពេកមិនអាចសង្គ្រោះបាន។
ក្រុមមន្ត្រីពាក់ព័ន្ធបានប្រាប់ក្រុមអ្នកកាសែតថា គេមិនទាន់ធ្វើកោសល្យវិច័យរួចនៅឡើយទេក្នុងការកំណត់ថា តើមានអ្នកទោសប៉ុន្មាននាក់ស្លាប់ដោយសារគ្រាប់កាំភ្លើងរបស់កងកម្លាំងប៉ូលិសរដ្ឋ និងប៉ូលិសសហព័ន្ធក្នុងប្រតិបត្តិការបង្ក្រាបអំពើនេះ។
សូមបញ្ជាក់ថា អំពើកុបកម្មនេះបានកើតឡើងកាលពីថ្ងៃអង្គារកន្លងទៅនេះដោយក្រុមអ្នកទោសបានចាប់ឆ្មាំពន្ធនាគារជាចំណាប់ខ្មាំង ហើយបានវាយដំ និងគំរាមទម្លាក់ពួកគេតាមដំបូលអគារពន្ធនាគារ។
គួររំលឹកដែរថា កាលពីខែមីនាឆ្នាំ២០១៧ អ្នកទោសចំនួន៤នាក់បានស្លាប់ ហើយកាលពីខែកុម្ភៈឆ្នាំ២០១៦ អ្នកទោសចំនួន៤៩នាក់បានស្លាប់ដោយសារតែអំពើស្រដៀងគ្នានេះផងដែរ៕