កម្ពុជានឹងរងឥទ្ធិពលព្យុះទី២០ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែតុលា
រាជធានីភ្នំពេញ ៖ ឥទ្ធិពលព្យុះទី២០ ឈ្មោះ ខាណុន នឹងនាំឲ្យមានភ្លៀងធ្លាក់រាយប៉ាយអាចបង្កឲ្យមានជំនន់ទឹកភ្លៀងច្រើនកន្លែងទៀតផងចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧នេះ។ នេះយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម។
សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់ថា ព្យុះទី២០ឈ្មោះ ខាណុន ដែលបានវិវត្តន៍ខ្លួនពីសម្ពាធទាប និងកំពុងស្ថិតនៅភាគខាងជើង ប្រទេសហ្វីលីពីន ហើយពេលធ្វើដំណើរដល់សមុទ្រចិនខាងត្បូង នឹងបង្កើនឥទ្ធិពលទៅជាព្យុះទីហ្វុង ឆ្ពោះមកទិសខាងលិច ក្នុងល្បឿន១២០គីឡូម៉ែត្រក្នុងមួយម៉ោង៕