វ៉ាស៊ីនតោន ៖ ក្រុមអ្នកវិភាគបានលើកឡើងថា ការសម្រេចចិត្តរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដកខ្លួនសហរដ្ឋអាមេរិក ចេញពីអង្គការ UNESCO គឺជាសញ្ញាថ្មីចុងក្រោយបំផុតមួយ ដែលបង្ហាញពីការកើនឡើង នៃភាពឃ្លាតដាច់ឆ្ងាយដោយឡែកពីគេរបស់អាមេរិក ព្រមទាំងដាក់សម្ពាធគាបសង្កត់របស់ទីក្រុងវ៉ាស៊ីនតោន មកលើអង្គការសហប្រជាតិ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik ។
ក្រុមអ្នកវិភាគមកពីសាកលវិទ្យាល័យធំៗ នៅសហរដ្ឋអាមេរិកបានឲ្យដឹងថា ការធ្វើបែបនេះនឹងគូសបញ្ជាក់កាន់តែច្បាស់ ពីភាពឯកោរបស់សហរដ្ឋអាមេរិក នៅក្នុងអង្គការពិភពលោកមួយនេះ ដោយវានឹងជះឥទ្ធិពលអវិជ្ជមាន ទៅលើទីក្រុងវ៉ាស៊ីនតោនផ្ទាល់ ច្រើនជាងមកលើអង្គការបេតិកភណ្ឌពិភពលោក UNESCO ខណៈការសម្រេចចិត្តដ៏ចម្លែកនេះ នឹងបង្កើនភាពឯកោរបស់សហរដ្ឋអាមេរិក នៅក្នុងសហគមន៍អន្តរជាតិ។
ម្យ៉ាងវិញទៀត ការសម្រេចចិត្តខាងលើ នឹងធ្វើឲ្យអាមេរិកជាប់គាំងកាន់តែខ្លាំង នៅក្នុងរង្វង់នៃភាពឯកោក៏ដូចជាមន្ទិលសង្ស័យ ពាក់ព័ន្ធនឹងការធ្វើកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការអន្តរជាតិ ហើយវានឹងបង្កផលវិបាកជាខ្លាំង ដើម្បីផ្លាស់ប្តូរការសម្រេចចិត្តនេះវិញ សម្រាប់រដ្ឋបាលក្រោយថ្មីទៀត។
បើតាមក្រុមសាស្ត្រចារ្យជំនាញៗដដែលថា ការសម្រេចចិត្តរបស់ លោក ត្រាំ ក្នុងការដកអាមេរិកចេញពីអង្គការ UNESCO គឺស្ថិតក្រោមក្របខណ្ឌនៃយុទ្ធនាការរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើយ៉ាងណាមិនឲ្យអង្គការសហប្រជាជាតិ រួមទាំងអង្គការពាក់ព័ន្ធផ្សេងៗទៀត មានឥទ្ធិពលក្នុងការជួយប៉ាឡេស្ទីន ប្រឆាំងនឹងអ៊ីស្រាអែល។
សូមរម្លឹកថា ម្សិលមិញសហរដ្ឋអាមេរិកបានប្រកាសថា នឹងដកខ្លួនចេញពីអង្គការ UNESCO នៅចុងឆ្នាំ២០១៨ខាងមុខ ដោយឈរលើហេតុផលថា អង្គការបេតិកភណ្ឌពិភពលោកត្រូវការធ្វើកំណែទម្រង់ឡើងវិញ ហើយ UNESCO មានទំនោរប្រឆាំងនឹងអ៊ីស្រាអែល៕