រាជធានីភ្នំពេញ ៖ មន្ត្រីពន្លត់អគ្គិភ័យបានឲ្យដឹងថា អគ្គិភ័យដែលបានឆាបឆេះហាងមួយមានស្លាកយីហោ «អេស ធី ស៊ី កុំព្យូទ័រ» ស្ថិតនៅម្ដុំផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ នាយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧នេះ បានឆក់យកជីវិតមនុស្សរហូតដល់៤នាក់ (ប្រុសទាំងអស់) ដែលស្លាប់នៅក្នុងអណ្តាតភ្លើងទាំងកណ្តាលរាត្រី។
មន្ត្រីដដែលបន្តថា អគ្គិភ័យនេះបានឆាបឆេះតាំងពីម៉ោងជាង១១យប់ថ្ងៃ រហូតដល់ម៉ោង១ និង២០នាទីយប់ឆ្លងចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ទើបពន្លត់ទាំងស្រុង និងជួយអន្តរាគមន៍យកសាកសពចេញពីខាងក្នុងផ្ទះមូលហេតុនៃការឆាបឆេះនេះ។ ចំណែកមូលហេតុនៃឆាប់ឆេះនេះសមត្ថកិច្ចសង្ស័យថា អាចមកពីការឆ្លងចរន្តអគ្គិសនី។
ក្នុងនោះដែរ គេក៏ឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងនាយឧត្តសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ព្រមទាំងអភិបាលខណ្ឌ និងមន្ត្រីរដ្ឋបាលមួយចំនួន ចុះជួយអន្តរាគមន៍ក្នុងហេតុការណ៍នោះផងដែរ៕