វ៉ាស៊ីនតោន ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងទឹកអាមេរិក កាលពីថ្ងៃទី១៥ ខែតុលា ពោលគឺប៉ុន្មានថ្ងៃមុននេះ កងនាវិករួមទាំងក្រុមជំនាញមកពីទីភ្នាក់ងារការពារមីស៊ីលអាមេរិក នៅលើនាវាពិឃាត USS McFual បានបាញ់សាកល្បងមីស៊ីល SM-6 ដោយជោគជ័យ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០១៧។
កងទ័ពជើងទឹកអាមេរិកបានឲ្យដឹងថាការបាញ់ធ្វើតេស្តមីស៊ីល Standard Missile-6 (SM-6) ចេញពីនាវាពិឃាដមួយគ្រឿង ដែលមានបំពាក់ប្រព័ន្ធបាញ់ស្ទាក់មីស៊ីលផ្លោង Aegis។ប៉ុន្តែយោធាអាមេរិកមិនបានបញ្ជាក់ថា មីស៊ីលនេះបានចាប់ស្ទាក់គោលដៅណាមួយដែរ ឬក៏អត់ឡើយ។
ដោយឡែកសម្រាប់មីស៊ីល SM-6 ដែលត្រូវបានធ្វើតេស្តនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីអំឡុងខែសីហាកន្លងទៅ ចេញពីនាវាចម្បាំង USS John Paul Jones វិញនោះ បានកម្ចាត់ការគំរាមកំហែងមីស៊ីលផ្លោងដោយជោគជ័យ។
គួរបញ្ជាក់ថា SM-6 គឺជាប្រភេទមីស៊ីលតែមួយគត់លើលោក ដែលមានសមត្ថភាពប្រឆាំងនឹងគោលដៅ ទាំងនៅលើអាកាសផង, នៅលើគោកផង, និងចាប់ស្ទាប់មីស៊ីលផ្លោងផង៕