កាប៊ុល ៖ អាជ្ញាធរនៅក្នុងតំបន់បាននិយាយកាលពីម្សិលមិញថា មនុស្សយ៉ាងហោចណាស់២០នាក់ត្រូវបានសម្លាប់ និង១៦០នាក់ផ្សេងទៀតរងរបួស នៅក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្បែរមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប៉ូលិស មួយកន្លែងក្នុងទីក្រុង ហ្គាដែស (Gardez) នៃខេត្ត ផាកធា (Paktia) ភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ។
សមាជិកម្នាក់មកពីក្រុមប្រឹក្សា ខេត្ត Paktia លោក អាឡាម ម៉ឺ ប្រាហ៍រ៉ាម (Alam Mir Bahram) បានបញ្ជាក់ថា ក្រុមសកម្មប្រយុទ្ធមានគ្នាប្រហែលជា ០៦នាក់ បានដឹកនាំការបំផ្ទុះគ្រាប់បែកអត្តឃាត ដោយប្រើរថយន្ដពីរគ្រឿង នៅក្បែរមជ្ឈមណ្ឌលបណ្ដុះបណ្ដាលប៉ូលិស និងបង្កជាការខូចខាតធ្ងន់ធ្ងរផងដែរ។ លោកបន្តថា ជនរងគ្រោះ នៅក្នុងការវាយប្រហារដោយបំផ្ទុះគ្រាប់បែកនេះ ភាគច្រើនជាប៉ូលិស និងជនស៊ីវិល។
ទោះបីយ៉ាងណានៅពុំទាន់មានក្រុមណាមួយ ចេញមុខទទួលខុសត្រូវនៅឡើយទេ ខណៈអាជ្ញាធរកំពុងដាក់ការសង្ស័យ លើក្រុមឧទ្ទាមតាលីបង់ ដែលតែងតែដឹកនាំសកម្មភាពវាយប្រហាររបៀបនេះ ប្រឆាំងនឹងកងកម្លាំងសន្តិសុខរដ្ឋាភិបាល៕