ភ្នំពេញ ៖ អភិបាលរងរាជធានីភ្នំពេញលោក នួន សុផារ័ត្ន ស្នើឱ្យអាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ រួមគ្នាដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងព្រះសង្ឃនៅក្នុងមូលដ្ឋាន ដែលខ្លួនគ្រប់គ្រងឱ្យបានល្អ ជៀងវៀងទុកបញ្ហាចោល ដែលនាំឱ្យប្រជាពលរដ្ឋមានការថ្នាក់ថ្នាំងចិត្ត ដោយសារ ការមិនអើពើរបស់អាជ្ញាធរដែលជាម៉ែឪផ្ទាល់។
ការស្នើនេះបានធ្វើឡើងនៅក្នុងវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី២នៅខណ្ឌ៧មករា នាព្រឹកថ្ងៃទី១៧ ខែតុលា នៅពហុកីឡាដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ។ លោកអភិបាលរងបានលើកឡើងថា តាមរយៈវេទិការនៅថ្ងៃនេះ ទទួលបានសំនួរ សំណើរ និងសំណូមពរផ្ទាល់មាត់ចំនួន៨ និងជាលាយលក្ខអក្សរចំនួន១៥ ដើម្បីធ្វើការដោះស្រាយជូនពលរដ្ឋ ។ វេទិការនេះមានសារសំខាន់ណាស់ ដែលជាការទទួលខុសត្រូវមួយរបស់រដ្ឋបាលដែនដី នៅចំពោះមុខប្រជាពលរដ្ឋដោយត្រង់ៗ។
លោកបញ្ជាក់ថា ការចូលរួមមតិយោបល់របស់ប្រជាពលរដ្ឋ និងព្រះសង្ឃ បង្ហាញថា កម្ពុជាបានអភិវឌ្ឍន៍ខ្លួនមកឆ្ងាយហើយ ពោលគឺប្រទេសមានការរីកចំរើន មានសន្តិភាពពេញលេញ មានសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ ហើយប្រជាជនមានសិទ្ធិបញ្ចេញមតិយោបល់ពីកង្វល់រួមក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរយកទៅពិនិត្យនិងដោះស្រាយជូន។ ប៉ុន្តែអ្វីដែលត្រូវដោះស្រាយនៅចំពោះមុខគឺសណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និងសេចក្តីសុខក្នុងការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន”។ បញ្ហាទាំងនេះ ទាមទាឱ្យមានការចូលរួមសហការគ្នាយ៉ាងស្អិតរមួត រវាងប្រជាពលរដ្ឋ និងអាជ្ញាធរថ្នាក់មូលដ្ឋាន ដែលនៅផ្ទាល់ជាមួយប្រជាពលរដ្ឋ។
ជាមួយគ្នានោះ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា បើចង់ឱ្យមូលដ្ឋានឱ្យបានស្អាត ល្អ លឿងគឺទាមទាឱ្យមានការចូលរួមពីប្រជាពលរដ្ឋទាំងអស់ ក្នុងមូលដ្ឋានលើគ្រប់ផ្នែក ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យមូលដ្ឋានរស់នៅមានការអភិវឌ្ឍន៍។
យ៉ាងណា លោកបញ្ជាក់ថា ស្របពេលស្រុកទេស មានសុខសន្តិភាព មានសុវត្ថិភាពគ្រប់គ្រាន់ ប្រជាជនត្រូវការរស់នៅមានសណ្តាប់ធ្នាប់ មានអនាម័យល្អ មានបរិស្ថានស្អាត ជាពិសេសមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតាមមូលដ្ឋានឱ្យបានស្អាតល្អផងដែរ។ ដើម្បីឱ្យការអភិវឌ្ឍមូលដ្ឋានបានអាចប្រព្រឹត្តិទៅបានល្អប្រសើរ គឺត្រូវការចាំបាច់ពីការចូលរួមរបស់ប្រជាជន ហើយប្រជាជនក៏ត្រូវតែមានការយល់ដឹងពីការរស់នៅស្អាត និងផ្តល់ក្តីសុខដល់អ្នកដទៃផងដែរ៕