ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រោមកិច្ចសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា នឹងរៀបចំព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំ គឺ ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០១៧ នៅថ្ងៃទី២៧ និង២៨ខែតុលា ខាងមុខនេះ នៅអគារកោះពេជ្រ ដើម្បីផ្តល់នូវទីកន្លែងជួបជុំគ្នាដោយងាយស្រួលសម្រាប់និយោជក អ្នកផ្តល់ការអប់រំ បណ្តុះបណ្តាល អ្នកស្វែងរកការងារធ្វើ និងកម្មករនិយោជិត ក្នុងការចែករំលែកព័ត៌មានទីផ្សារការងារ។
លោក ហៃ ប៊ុនឡេង អនុប្រធានទីភ្នាក់ងារជាតិ មុខរបរ និងការងារ បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានមួយ ស្តីពី ពិព័រណ៍ការងារ និងផលិតផលជាតិឆ្នាំ២០១៧ ដែលបានធ្វើនៅថ្ងៃទី១៨ខែតុលានេះថា ពិព័រណ៌ការងារឆ្នាំនេះ មានក្រុមហ៊ុនធំៗជាង១២០ មកពីវិស័យសំខាន់ៗ ដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សំណង់ សណ្ឋាគារ បដិសណ្ឋារកិច្ច ទូរគមនាគមន៍ អប់រំនិងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម ដែលនឹងត្រូវតាំងបង្ហាញនៅក្នុងបញ្ជរសរុបចំនួន២១៦។
លោក អនុប្រធាន បន្តថា ក្រៅពីទទួលបានឱកាសការងាររាប់ម៉ឺនកន្លែង អ្នកចូលរួមនឹងទទួលបានព័តមានពីផែនការ តម្រូវការ និងគោលនយោបាយក្នុងការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត កម្មវិធីសិក្សាអាហារូបករណ៍ វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍន៍ជំនាញជាច្រើនទៀត។ បន្ថែមពីលើនោះព័ពរណ៍ការងារនេះ នឹងចូលរួមលើកកម្ពស់ការយល់ដឹងពីផលិតភាពរបស់កម្មករនិយោជិតតាមរយៈការបង្ហាញអំពីវិធីសាស្ត្របំពេញ ការងារ គំនិតច្នៃប្រឌិតថ្មីៗ ជំនាញបច្ចេកវិទ្យានិងឧបករណ៍ដែលជំរុញដល់ការបង្កើនប្រសិទ្ធិភាព និងស័ក្តសិទ្ធភាពក្នុងការងារ ឬអាជីវកម្មឲ្យកាន់តែប្រសើរ។ នាឱកាសនោះដែរ ក៏មានវាគ្មិនជាតិ និងអន្តរជាតិល្បីៗ ចូលរួមចែករំលែកចំណេះដឹង បទពិសោធន៍ ជំនាញ និងការអនុវត្តល្អៗ លើប្រធានបទពាក់ព័ន្ធការបង្កើនផលិតភាព ប្រកដោយភាពជោគជ័យកន្លងមក និងមាននិរន្តរភាព។
លោក នួន សុភៈ តំណាងសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០១៧ គឺជាការជំរុញយន្តការ វេទិកាការងាររបស់រដ្ឋាភិបាលកម្ពុជា ដែលបានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ដើម្បីលើកកម្ពស់វិស័យការងារ និងព័តមានទីផ្សារការងារនៅកម្ពុជា ជាពិសេសសំដៅផ្តល់ឱកាសទូលំទូលាយដល់កម្លាំងពលកម្មទាំងមានជំនាញ និងមិនមានជំនាញឲ្យទទួលបានការងារកាន់តែប្រសើរ ចំណេញពេលវេលា កាត់បន្ថយ ចំណាយ និងទទួលបានប្រាក់ចំណូលខ្ពស់។
លោក កាំង មូនីកា តំណាងសមាគមរោងចក្រកាត់ដេរ ហៅកាត់ថា GMAC បានលើកឡើងថា តាមរយៈព្រឹត្តិការប្រចាំឆ្នាំនេះ កម្មករ និយោជិត អ្នកស្វែរកការងារធ្វើ ក៏ដូចជាយុវជនកម្ពុជាទាំងអស់ នឹងបានដឹងកាន់តែច្បាស់ពីព័ត៌មានទីផ្សារងារ និងឱកាសការងារសមរម្យ ដែលយើងនឹងយកទៅផ្សព្វផ្សាយក្នុងពិព័រណ៌ការងារនោះ។
សូមបញ្ជាក់ថា ពិព័រណ៌ការងារខាងមុខនេះត្រូវបានរំពឹងថាមានអ្នកចូលរួមទស្សនាជាង៣ម៉ឺននាក់ដែលភាគច្រើនជាសិស្សនិស្សិត យុវជន អ្នកស្វែងរកការងារ និងកម្មករ និយោជិត មកពីគ្រប់វិស័យ៕