ទ្រព្យសម្បត្តិ​លោក ដូ​ណា​ល់ ត្រាំ ធ្លាក់ចុះ​អស់​ជាង​៦០០​លាន​ដុល្លារ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 October, 2017 ក+ ក-

​អាមេរិក ៖ បញ្ជី​ឈ្មោះ​ជនជាតិ​អាមេរិក​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​របស់​ទស្សនាវដ្ដី​ហ្វ​ប (Forbes) បាន​បង្ហាញថា ទ្រព្យសម្បត្តិ​របស់លោក ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​អាមេរិក​បាន​ថយចុះ​អស់​ជាង​៦០០​លាន​ដុល្លារ​អាមេរិក​មក​នៅត្រឹម​៣,១​ពាន់​លាន​ដុល្លារ​អាមេរិក ដែលជា​លទ្ធផល លោក ត្រាំ បាន​ធ្លាក់​មក​នៅ​ចំណាត់ថ្នាក់​ទី​២៤៨​នៅក្នុង​បញ្ជី​ឈ្មោះ​នោះ​បន្ទាប់ពី​ជាប់​ចំណាត់ថ្នាក់​ទី​១៥៦​កាលពី​ឆ្នាំទៅ​។​
​ទស្សនាវដ្ដី​ហ្វ​ប (Forbes) បាន​និយាយថា​ការធ្លាក់ចុះ​ទ្រព្យសម្បត្តិ​របស់លោក ត្រាំ គឺ​ដោយសារ​ទីផ្សារ​អចលនទ្រព្យ​នៅក្នុង​ទីក្រុង​ញូវយ៉ក​ដែល​កំពុងតែ​យ៉ាប់យ៉ឺន​ជាពិសេស​ទីតាំង​លក់រាយ​, ការចំណាយ​ទៅលើ​បណ្ដឹង និង​ការចំណាយ​ដ៏​ច្រើន​ទៅលើ​យុទ្ធនា​ការឃោសនា​ស្វែងរក​សំឡេងឆ្នោត​។​
​ស្ថាបនិក​ក្រុមហ៊ុន​ម៉ៃ​ក្រូ​សូ​ហ្វ (Microsoft) លោក ប៊ី​ល ហ្គេ​ត (Bill Gates) បាន​ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​១​ក្នុង​បញ្ជី​ឈ្មោះ​នោះ​២៤​ឆ្នាំ​ជាប់​គ្នា​ជាមួយ​ទ្រព្យសម្បត្តិ​៨៩​ពាន់​លាន​ដុល្លារ​អាមេរិក ខណៈដែល​ស្ថាបនិក​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក (Facebook) លោក ម៉ាក ហ្សា​ក់​ឃឺ​ប៊ឺ​ក (Mark Zuckerberg) ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤​ជាមួយ​ទ្រព្យសម្បត្តិ​៧១​ពាន់​លាន​ដុល្លារ​អាមេរិក​។​
​សម្រាប់​ឆ្នាំនេះ​ទ្រព្យសម្បត្តិ​សរុប​របស់​ជនជាតិ​អាមេរិក​ដែលមាន​ទ្រព្យសម្បត្តិ​ច្រើនជាងគេ​បំផុត​ទាំង​៤០០​នាក់​មាន​ចំនួន​២,៧​ពាន់​លាន​លាន​ដុល្លារ​អាមេរិក​កើនឡើង​ជាង​ឆ្នាំទៅ​ដែលមាន​ចំនួន​សរុប​តែ​២,៤​ពាន់​លាន​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ​៕