ភ្នំពេញ ៖ បន្ទាប់ពីក្រុមហ៊ុនអភិវឌ្ឍន៍ប្រេងដ៏ធំរបស់អាមេរិកដកថយទៅវិញ លើការអភិវឌ្ឍប្រេងនៅកម្ពុជា ពេលនេះ ក្រុមហ៊ុន របស់សាំងហ្កាពួរ KrisEnergy បានចុះកិច្ចព្រមពៀងថ្មីមួយជាមួយកម្ពុជា ក្នុងការអភិវឌ្ឍប្រេងនៅប្លុកA នៅឈូងសមុទ្រកម្ពុជា ។ ព្រឹត្តិការកិច្ចព្រមព្រៀងនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៩ តុលា នេះ នៅសណ្ឋាគារស៊ូហ្វីតែលភ្នំពេញភូគីត្រា ដោយមានការចូលរួមពី ស៊ុយសែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងលោក អូន ពន្ធ័មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ ។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា កិច្ចព្រមព្រៀងប្រេងកាតនេះ ត្រូវបានចុះហត្ថលេខាជាលើកដំបូង ជាមួយក្រុមហ៊ុន Chevron និងមានការចូលរួមពីក្រុមហ៊ុន គ្រីសអ៊ិនើជី (KrisEnergy )ក្នុងឆ្នាំ ២០១១ ឆ្នាំ ២០១៤ និងឆ្នាំ២០១៦ បន្តបន្ទាប់ រហូតដល់ក្រុមហ៊ុន KrisEnergy បានក្លាយជាប្រតិបត្តិករ ណិងមានភាគហ៊ុនសរុបចំនួន៩៥% ។
លោក បន្តថា ការចរចាត្រូវអូសបន្លាយពេលជាយូរ ក្នុងការធ្វើឱ្យការអភិវឌ្ឍប្រេងកាតលេចជារូបរាងឡើង ។ ការអូសបន្លាយនេះ គឺដោយសារតែភាគីទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់បំផុត ក្នុងនោះបានខិតខំចរចាយ៉ាងស្វិតស្វាញជាមួយក្រុមហ៊ុន ពិនិត្យសិក្សាមូលដ្ឋានច្បាប់ និងបច្ចេកទេសច្បាស់លាស់ ដកបទពិសោធន៍ពីប្រទេសផលិតប្រេងផ្សេងៗទៀត ដើម្បីការពារផលប្រយោជន៍ជាតិឱ្យបានជាអតិបរិមា ធានាបាននូវតម្លាភាព និងគណនេយ្យភាព ហើយម្យ៉ាងទៀតដោយតែភាពមិនអំណោយផលនៃសេដ្ឋកិច្ចសកលលោក ជាពិសេសតម្លៃប្រេងឡើងចុះមិនអាចប៉ាន់ស្មានបាន ។
លោក ខេវីន តាំង ( Kevin Tang ) អគ្គនាយករងក្រុមហ៊ុន KrisEnergy បានឱ្យដឹងថា នៅក្នុងកិច្ចព្រមព្រៀងនេះ គ្រាន់តែបង្ហាញឱ្យដឹងថា ក្រុមហ៊ុនលោកមានភាគហ៊ុន៩៥% ហើយរាជរដ្ឋាភិបាលមានភាគហ៊ុន៥% តែចំពោះទុននៃការវិនិយោគប៉ុន្មាននោះ មិនអាចបង្ហាញអោយដឹងនោះទេ តែយ៉ាងណាការវិនិយោគនេះវាមានទំហំធំណាស់ ។
គួរបញ្ជាក់ថា តំបន់កិច្ចសន្យាប្លុក A កម្ពុជា មានទំហំប្រមាណ៣គីឡូម៉ែត្រការ៉េ ដែលស្ថិតនៅក្នុងអាងសមុទ្រកម្ពុជាក្នុងតំបន់ឈូងសមុទ្រថៃ ដែលមានជំរៅទឹកចន្លោះពី ៥០ម៉ែត្រ ទៅ ៨០ម៉ែត្រ ។ ដំណាក់កាលទី១នៃគម្រោងអភិវឌ្ឍន៍អណ្ដូងប្រេងអប្សរា រួមមានផ្លាតហ្វមក្បាលអណ្ដូងផលិតកម្មដែលបញ្ជាពីចំងាយ មួយទ្រទ្រង់ដល់អណ្ដូងបូមប្រេងចំនួន២៤ ដែលបញ្ជូនសន្ទនីយ ដែលបូមបានក្នុងបរិមាណ ៣ម៉ឺនបារ៉ែល ក្នុងមួយថ្ងៃ ទៅកាន់នាវាផលិតកម្មមួយដែលអាចប្រព្រឹត្តិកម្មប្រេង ដោយញែកយកឧស្មន័ ប្រេង និងទឹកចេញពីគ្នា ។ ប្រេងឆៅដែលញែកនឹងទទួលបានប្រមាណ ៨ពាន់បារ៉ែល ក្នុងមួយថ្ងៃ នេះបើយោងតាមក្រុមហ៊ុន KrisEnergy ហើយនឹងត្រូវបញ្ជូនតាមបំពង់បង្ហូរប្រវែង ១,៥គីឡូម៉ែត្រទៅកាន់នាវាបណ្ដែតផ្ទុក និងផ្ទេរប្រេង ៕
កម្ពុជា-ក្រុមហ៊ុន KrisEnergy ចុះកិច្ចព្រមព្រៀងបូមប្រេងនៅប្លុក A