ខេត្តរតនគិរី៖ ស្ត្រីអាយុ២៦ឆ្នាំម្នាក់ បានសម្រេចចិត្តយកថ្នាំបាញ់សម្លាប់ស្មៅបញ្ច្រកកូនតូចអាយុទើបតែ១ខែម្នាក់ស្លាប់ និងយកខ្សែអង្រឹងរឹតកកូនប្រុសអាយុទើប៣ឆ្នាំស្លាប់ម្នាក់ទៀត បន្ទាប់មកយកថ្នាំសម្លាប់ស្មៅផឹកផ្តាច់ជីវិតខ្លួនឯងជាក្រោយ។
ហេតុការណ៍ ផឹកថ្នាំបំពុលបញ្ចប់ជីវិតទាំងម្តាយ និងកូនតូចៗដ៏គួរឲ្យសង្វេគនេះ បានកើតឡើងនារសៀលថ្ងៃ ទី១១ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិសោមត្រកថ្មី ឃុំសោមធំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលសម្លាប់កូនបង្កើត រួចសម្លាប់ខ្លួនឯងឈ្មោះ រម៉ាស់ ធៀល អាយុ២៦ឆ្នាំ ជាជនជាតិចារ៉ាយ មានកូន២នាក់ គឺឈ្មោះ រម៉ាស់ ធេក ភេទប្រុស អាយុ ៣ឆ្នាំ និងឈ្មោះ រម៉ាស់ លាង ភេទស្រី អាយុទើបតែបាន១ខែ រស់នៅក្នុងភូមិ-ឃុំកើតហេតុខាងលើ។ កូនទាំង២ត្រូវម្តាយសម្លាប់ជាបន្តបន្ទាប់ រួចសម្លាប់ខ្លួនឯងជាក្រោយ។
ប្រភពដដែល បានឲ្យដឹងទៀតថា ក្រោយការពិនិត្យ និងធ្វើកោសល្យវិច័យ និង សន្និដ្ឋានរបស់មន្ត្រីជំនាញបានរកឃើញថា ការធ្វើអត្តឃាតនេះ គឺស្ត្រីជាម្តាយបានយកខ្សែអង្រឹងរឹតកកូនប្រុសអាយុ ៣ឆ្នាំឲ្យស្លាប់ បន្ទាប់មកយក ថ្នាំបញ្ច្រកកូនស្រីអាយុ ១ខែឲ្យស្លាប់ ទើបយកថ្នាំបំពុលមកផឹកខ្លួនឯង បញ្ចប់ជីវិតតាមក្រោយ។ ចំណែក បុរសជាស្វាមី ក្រោយពេលត្រឡប់ពីផឹកស្រវឹងមកឃើញភរិយា និងកូនតូចៗដេកស្លាប់រដូករណែល ដោយមានថ្នាំពុល និងខ្សែអង្រឹងក្បែរខ្លួនផងនោះ ដែលទំនងជាកើតក្តីនឹកស្រណោះអាល័យភរិយា និងកូនៗ ក៏ទាញថ្នាំពុលមកផឹកដើម្បីបញ្ចប់ជីវិតផងដែរ។ប៉ុន្តែការលេបថ្នាំប៉ងបញ្ចប់ជីវិតរបស់ស្វាមីប្រមឹករូបនេះ មិនបានសម្រេចដូចបំណងនោះទេ ត្រូវបានប្រជាពលរដ្ឋបញ្ជូនឲ្យក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេល។
លោកអធិការស្រុកអូរយ៉ាដាវ បានឲ្យដឹងថា ក្រុមគ្រួសារមួយនេះ តែងតែឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ ហើយប្តីស្ត្រីរងគ្រោះតែងតែផឹកស្រាស្រវឹងជោកព្រឹកល្ងាចមិនជួយធ្វើការរកស៊ីចិញ្ចឹមបីបាច់កូន និងរកស៊ីទំនុកបម្រុងគ្រួសារនោះទេ ហើយបង្កជម្លោះរាល់ថ្ងៃធ្វើឲ្យស្ត្រីជាប្រពន្ធមិនអាចទ្រាំទ្រនឹងវិបត្តទាំងផ្លូវចិត្ត និងផ្លូវកាយបានតទៅទៀតទើបសម្រេចចិត្តធ្វើជាឃាតករសម្លាប់កូនបង្កើតរបស់ខ្លួន និងសម្លាប់ខ្លួនឯងយ៉ាងដូច្នេះ។ លុះមកដល់ថ្ងៃកើតហេតុ ប្តីកំហូចបានមកដល់ផ្ទះដោយមានអាការស្រវឹងជោកជាំ ធ្វើឲ្យស្ត្រីជាប្រពន្ធខឹងខ្លាំងពេក ក៏យកថ្នាំបាញ់ស្មៅមកច្រកឲ្យកូនដែលបីនៅនឹងដៃផឹកបណ្តាលឲ្យប្រកាច់ស្លាប់ភ្លាមៗ រួចហើយ ក៏ទៅយកខ្សែអង្រឹងរឹតកកូនប្រុសអាយុ៣ឆ្នាំបណ្តាលឲ្យស្លាប់ម្នាក់ទៀត។ ភ្លាមៗនោះប្តីស្ត្រីរងគ្រោះបានទៅឃាត់ដែរតែ ស្ត្រីជាប្រពន្ធព្យាយាមធ្វើអត្តឃាតដោយយកថ្នាំបាញ់ស្មៅផឹកបណ្តាល ឲ្យស្លាប់រដូករណែលទាំងកូនទាំងម្តាយតែម្តង។
ក្រោយកើតហេតុមានហេតុការណ៍ដ៏រន្ធត់នេះសមត្ថកិច្ចបានចុះមកដល់ កន្លែងកើតដើម្បីធ្វើកោសល្យ វិច្ច័យ ទៅលើសាកសព រួចបានប្រគល់សពជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕