ខេត្តកំពង់ធំ ៖ ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានប្រាប់អ្នកសារព័ត៌មានថា សមត្ថកិច្ចបាននិងកំពុងតាមចាប់ខ្លួន មេឃុំបល្ល័ង្គម្នាក់មកពីគណបក្សសង្គ្រោះជាតិ ខណៈដែលសមត្ថកិច្ចបានឃាត់ខ្លួនមេភូមិត្រស់ ម្នាក់រួចហើយ ពាក់ព័ន្ធការឃុបឃិតស៊ីញ៉េយល់ព្រមលក់ផ្ទះ និងដីមួយកន្លែង ដែលតុលាការហាមឃាត់ ស្ថិតនៅភូមិតាឌុក ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ។
ព្រះរាជអាជ្ញាបញ្ជាក់ថា ពួកគេទាំង២នាក់ ត្រូវចោទប្រកាន់ ពីបទផ្សំគំនិតបង្វែរវត្ថុរឹបអូស ប្រព្រឹត្តទៅនៅភូមិតាឌុក ពោលមេភូមិត្រស់រូបនេះ បានទៅរត់ការលក់ដី និងផ្ទះមួយកន្លែង ឲ្យស្ដ្រីឈ្មោះ ជា ស៊ីវណៃ ដែលដី និងផ្ទះនោះត្រូវបានតុលាការដាក់ហាមឃាត់លក់ និងផ្ទេរ។
យ៉ាងណាក៏ដោយ តាមសេចក្តីរាយការណ៍ពីអាជ្ញាធរមូលដ្ឋានឲ្យដឹងថា រហូតមកដល់ពេលនេះមេឃុំបល្ល័ង្គ ដែលជាប់ពាក់ព័ន្ធបានគេចខ្លួន បន្ទាប់ពីដឹងខ្លួនថា ស៊ីញ៉េយល់ព្រមទាំងខុសច្បាប់ ក្នុងករណីនេះ ។
គួរបញ្ជាក់ថា ប្រធានភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ លោក អ៊ុន ហេង អាយុ៥៦ឆ្នាំ និងស្ដ្រីម្នាក់ឈ្មោះ ជា ស៊ីវណៃ អាយុ៤២ឆ្នាំ ត្រូវបានតុលាការខេត្តកំពង់ធំ ចេញដីកាសម្រេចឃុំខ្លួន ដាក់ពន្ធនាគារជាបណ្ណោះអាសន្ន ដោយសារតែពួកគេទាំង២នាក់ បានឃុបឃិតរត់ការលួចលក់ដី និងផ្ទះមួយកន្លែង ដែលត្រូវបានតុលាការសម្រេចហាមឃាត់ មិនឲ្យមានការលក់ ឬផ្ទេរនោះឡើយ ៕