ភ្នំពេញ ៖ ទូកប្រណាំងមាន៣ប្រភេទ គឺទូកចែវ ទូកអុំ និងទូកខ្នាតអន្តរជាតិ របស់ខេត្តកំពង់ឆ្នាំង ចំនួន ២៩ ទូក រួមនឹងក្រុមកីឡាករសរុបចំនួន១.៤៩០នាក់ បានរៀបចំរួចជាស្រេច នឹងត្រូវធ្វើពិធីជូនដំណើរ នៅថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៧ ដើម្បីទៅចូលរួមប្រកួតថ្នាក់ជាតិនៅថ្ងៃទី២ ដល់ទី ខែវិច្ឆិកា ខាងមុខ នេះ នៅរាជធានីភ្នំពេញ ហើយពិធីនេះដែរនឹងធ្វើឡើងនៅវត្តកំពង់ត្រឡាច ស្ថិតក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ដែលជាទីតាំងធ្លាប់ប្រារព្ឋធ្វើជារៀងរាល់ឆ្នាំ ។
បើយោងតាមសេចក្តីជូនដំណឹងរបស់ គណៈកម្មការរៀបចំបុណ្យអំទូកខេត្តបានអោយដឹងថា ទូក ទាំង ២៩ របស់ខេត្តកំពង់ឆ្នាំង មានទូកចែវបុរស១៤ទូក , ទូកចែវនារី ១ទូក, ទូកអុំបុរសខ្នាតវែង ១ទូក ,ទូកអុំនារីខ្នាត វែង១ទូក និងទូកខ្នាតអន្តរជាតិចំនួន១២ទូក, គឺបានកើនឡើងចំនួន៨ទូក ច្រើន ជាងឆ្នាំ២០១៦ ដែលមានតែ២១ទូក ។ ចំណែកកីឡាករដែលត្រូវប្រកួតមានចំនួន ១០៤១នាក់ ស្រី ៩៩នាក់ ,និងកីឡាករបំរុងមាន៤៤៩នាក់ ស្រី ៣៤នាក់ សរុបកីឡាករទាំងអស់មានចំនួន ១.៤៩០ នាក់ ស្រី១៣៣នាក់ ហើយចំនួនកីឡាករក៍បានកើនឡើងជាងឆ្នាំ២០១៦ ចំនួន ៤០២នាក់ដែរ ព្រោះ ឆ្នាំ២.០១៦មានតែ ១.០៨៨នាក់ ។ ទូកទាំង២៩ទូក នោះមាន៖ ទូកមកពី ស្រុកបរិបូរណ៌ចំនួន៣ទូក ជាប្រភេទទូកចែវបុរស- ទូកមកពី ស្រុករលាប្អៀរមានចំនួន៤ទូក ជាប្រភេទ ទូកអុំបុរសខ្នាតអន្តរជាតិ -ទូកមកពីស្រុកកំពង់ត្រឡាចមាន៨ទូក ក្នុងនោះ ទូកអុំបុរសខ្នាតអន្តរជាតិមាន៤ទូក , ទូកអុំបុរស ខ្នាត វែង១ទូក ,ទូកអុំនារីខ្នាតវែង១ទូក ,និងទូកចែវបុរសចំនួន២ទូក-ទូកមកពីស្រុកកំពង់លែងមាន១ទូក ជាទូកចែវបុរស – ទូកមកពីក្រុងកំពង់ឆ្នាំងមាន១ទូក ជាទូកចែវបុរស -និងទូក មកពី ស្រុកជលគីរីមាន ចំនួន១២ទូក ក្នុងនោះមានទូកចែវ នារី១ទូក,ទូកចែវបុរស៧ទូកនិងទូកខ្នាតអន្តរជាតិមានចំនួន៤ទូក។
សូមបញ្ជាក់ដែរថា នៅប៉ុន្មានថ្ងៃនេះ គេសង្កេតឃើញមាន ទូកនៅតាមបណ្តាស្រុកមួយចំនួន បានទម្លាក់ចូលទឹកជាបណ្តើរហើយ ដូចជា ទូកឈ្មោះសម្តេចចៅហ្វាវាំងគង់,ទូកឈ្មោះ ទួលពិស្រីជ័យ សូរវង្ស កំពង់ព្រះ,ទូកឈ្មោះព្រះទីនាំងសារាយអណ្តែតចង្ហាន់ហុយ និងរួមទូកមួយចំនួនទៀត ។ ដោយឡែកទូកឈ្មោះ កំពង់លែងសែនជ័យបារម៉ីពោធិអណ្តែត របស់ស្រុកកំពង់លែង ទើបនឹងទម្លាក់ នៅព្រឹកថ្ងៃទី២០ ខែតុលា នេះទេ ចំណែកទូកឈ្មោះ ទេពធីតាសែនជ័យបារម៉ីមានរិទ្ឋ របស់ក្រុង កំពង់ឆ្នាំង ក៏ទើបនឹងធ្វើពិធីទម្លាក់ទឹកនៅព្រឹកថ្ងៃទី២១ ខែតុលា នេះដែរ ៕