លោក លឺ ឡាយស្រេង បង្ហោះ​សារ​ឆ្លើយតប​ថា គ្មាន​ចេតនា​ប្រមាថ​ព្រះមហាក្សត្រ​ទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2017 ក+ ក-

​បន្ទាប់ពី​មានការ​ចោទប្រកាន់ និង​ប្រកាស​ប្តឹង​ពី​គណបក្ស​ហ្វ៊ុន​ស៊ុន​ប៉ិច កាលពី​ថ្ងៃទី​២១ ខែ តុលា ម្សិលមិញ​នេះ ពាក់ព័ន្ធ​ទៅនឹង​ការប្រមាថ​ដល់​ព្រះ​ចេស្តា​ព្រះមហាក្សត្រ និង​ប្រមាថ​សម្តេច ក្រុមព្រះ នរោត្តម រណឫទ្ធិ រួចមក នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា​នេះ លោក លឺ ឡាយស្រេង បាន បង្ហោះ​សារ​តាម​បណ្តាញ​សង្គម Facebook ផ្ទាល់ខ្លួន​របស់លោក ដោយ​ទទួលស្គាល់ថា លោក បាន​និយាយ​ជ្រុលជ្រួស​ខ្លះៗ​អញ្ចឹង​មែន ប៉ុន្តែ​លោក​បាន​បដិសេធថា លោក​គ្មាន​ចេតនា​ប្រមាថ​ដល់ ព្រះ​ចេស្តា​របស់​ព្រម​ហា​ក្សត្រ​នោះទេ​។
​សូមបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី ២១ ខែតុលា ឆ្នាំ​២០១៧ ខ្សែ​វីដេអូ​ឃ្លី​ប​រយៈពេល​ជាង​៤​នាទី ត្រូវបាន Facebook ដែល​ធ្លាប់តែ​ទម្លាយ​រឿងអាស្រូវ​របស់​អ្នកនយោបាយ​ឈ្មោះ សីហា បាន បង្ហោះ ពី​ការសន្ទនា​រវាង​លោក លឺ ឡាយស្រេង អតីតមន្ត្រី​ជាន់ខ្ពស់រ​បស់​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ជាមួយ​លោកស្រី គី លំអង អតីត​តំណាងរាស្ត្រ​គណបក្ស​ហ្វ៊ុន​ស៊ិន ពាក់ព័ន្ធ​នឹង​ព្រះករុណា ព្រះ មហាក្សត្រ និង​សម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិ​។​
​លោក ញ៉េប ប៊ុនជិន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានផ្តល់​កិច្ចសម្ភាសន៍​តាម​ទូរស័ព្ទ ជាមួយ​អ្នកយកព័ត៌មាន​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ កាលពី​រសៀល​ថ្ងៃទី​២១ តុលា នេះ​ថា លោក ទទួលបាន​ព័ត៌មាន​រួច​នេះហើយ គឺ​លោក លឺ ឡាយស្រេង បាន​ប្រមាថ​ព្រះ​ចេស្តា​ព្រះករុណា​ហើយ គាត់​ជេរ​ទាំង​សម្តេចក្រុមព្រះ​ថែមទៀត​ផង​» ។​
​យ៉ាងណាក៏ដោយ នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា​នេះ លោក លឺ ឡាយស្រេង បាន​បង្ហោះ​សារ តាម​បណ្តាញ​សង្គម Facebook ផ្ទាល់ខ្លួន​របស់លោក ដោយ​ការពារ​ចំពោះ​ការ​ថ្លែង​សន្ទនា រវាង លោក ជាមួយនិង​លោកស្រី គី លំអង ថា លោក​គ្មាន​ចេតនា​ប្រមាថ​ព្រះ​ន​ហា​ក្សត្រ​នោះឡើយ ។​
​សូមបញ្ជាក់ថា បន្ទាប់ពី​បែកធ្លាយ​នូវ​ព័ត៌មាន​ស្តីពី​ការសន្ទនា​នេះ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​ចោទប្រកាន់ និង​ប្រកាស​ប្តឹង​លោក លឺ ឡាយស្រេង ដោយ​អះអាងថា បាន​ប្រមាថ​ព្រះ​ចេស្តា ដ៏​ធ្ងន់ធ្ងរ​ជា​ចំពោះ​ព្រះមហាក្សត្រ នរោត្តម សីហមុនី ដែល​ជាទីគោរព​សក្ការៈ ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ រាស្ត្រ​ខ្មែរ និង​ជេរប្រមាថ​សម្តេច ក្រុមព្រះ នរោត្តម រណ​ប្ញ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ផងដែរ​៕

https://youtu.be/gkN8ZsFk69A