ខេត្តក្រចេះ៖ រថយន្តសាំងយ៉ុងដឹកអ្នកដំណើរមួយគ្រឿងបើកបររត់គេចពីការតាមប្រមាញ់របស់សមត្ថកិច្ច ក៏ជ្រុលទៅបុកបាក់ផ្ទះបាយពលរដ្ឋ បណ្តាលអោយធ្លាយចេញឈើប្រណីត។ហេតុការនេះ បានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ នៅចំណុចនៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា រថយន្តសាំយ៉ុង ពណ៌សគ្មានស្លាកលេខ មួយគ្រឿងនេះ បើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុច ដែលជាកន្លែងផ្លូវកោងខ្លាំងក៏ជ្រុលចង្កូតទៅបុកផ្ទាំងប៉ាណូនៅ តាមចិញ្ចើមផ្លូវបាក់ពីរផ្ទាំង ហើយក៏ជ្រុលទៅផ្ទះប្រជាពលរដ្ឋ បណ្ដាលឲ្យផ្ទះបាយមួយកំណាត់ត្រូវបាក់ខូចខាតទាំងស្រុង។ ចំណែករថយន្តបង្កត្រូវបានក្រឡាប់ផ្ងារជើងឡើងលើ ខ្ទាតចេញសុទ្ធតែឈើប្រណិតធ្នង់សន្លឹកជាច្រើនផងដែរ។
ស្ត្រីដែលជាម្ចាស់ផ្ទះឈ្មោះ ទូ ឡេន បានបញ្ជាក់ឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់កំពុងអង្គុយធ្វើការនៅក្រោមផ្ទះ ស្រាប់តែរថយន្តនេះ បើកលឿនដូចព្រួញសំដៅមកបុកប៉ាណូចំនួន២ផ្ទាំងនៅចំហៀងផ្លូវកែង ហើយក៏ជ្រុលមកបុកចំផ្ទះបាយរបស់គាត់លាន់សូរប្រាវ គាត់ក្រឡេកទៅឃើញផ្ទះបាយគាត់បានដាច់ចេញពីគ្នាតែម្ដង ប៉ុន្តែសំណាងល្អ ដែលមិនបណ្ដាលឲ្យមានអ្នករងរបួស ឬស្លាប់បាត់បង់ជីវិត។
ស្ត្រីជាម្ចាស់ផ្ទះបញ្ជាក់ថា នេះជាលើកទី៣ហើយដែលមានរថយន្តសាំយ៉ុងដឹកឈើប្រណីតធ្នង់ដូចគ្នានេះ មកក្រឡាប់ត្រង់ផ្លូវកោងខាងជើងក្បែរផ្ទះគាត់ តែមិនបណ្ដាលឲ្យមានការខូចខាតបាក់បែកទ្រព្យសម្បត្តិដូចពេលនេះទេ។
លោក កែវ ចំណាន នាយសង្កាត់រដ្ឋបាលព្រៃឈើកន្ទួត បានឲ្យដឹងដែរថា ឈើប្រណីតទាំងនោះគឺសុទ្ធសឹងជាប្រភេទឈើធ្នង់ មានចំនួន ៣៩កំណាត់ បើតាមការប៉ាន់ស្មានប្រហែលជាជាង២ម៉ែត្រគូប ហើយបច្ចុប្បន្ននេះកំពុងមានការចម្រូងចម្រាសគ្នាដោយសារម្ចាស់ដែលរងកាខូចខាតមិនអនុញ្ញាតឲ្យសមត្ថកិច្ច នាំយកឈើឬរថយន្តបង្កចេញទៅណាឡើយ ដោយគាត់ព្រួយបារម្ភខ្លាចមិនមានអ្នកដោះស្រាយបញ្ហារការខូចខាតទ្រព្យសម្បត្តិរបស់គាត់៕