ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច​វាយប្រហារ​ប្រទេស​ជប៉ុន​ឆក់យកជីវិតមនុស្ស​២​នាក់​​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 October, 2017 ក+ ក-

ជប៉ុន ៖ ទីភ្នាក់ងារសារព័ត៌មាន​ចិន ស៊ីន​ហួរ ចេញផ្សាយ​នៅ​ព្រឹក​នេះ​ថា មនុស្ស​ពីរ​នាក់​បាន​ស្លាប់ រីឯ​ប្រព័ន្ធ​ដឹកជញ្ជូន​ជាច្រើន​ត្រូវ​ផ្អាក​សកម្ម​ភាពជា​បណ្ដោះអាសន្ន បន្ទាប់ពី​ខ្យល់ព្យុះ​ទី​ហ្វុ​ង ឡាន់ (Lan) បាន​វាយប្រហារ​មកលើ​តំបន់​ភាគ​កណ្ដាល និង​បក់បោក មកលើ​ដីគោក​ប្រទេស​ជប៉ុន រហូតមក​ទល់នឹង​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​។
​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ស្រុក ជនរងគ្រោះ​ជា​បុរស​ទាំងពីរ​នាក់​ខាងលើ ម្នាក់​មាន​អាយុ ៦៣​ឆ្នាំ ស្លាប់​នៅក្នុង​ទីក្រុង ហ្វ៊ូ​គូ​អូ​កា (Fukuoka) និង​ម្នាក់ទៀត​មាន​អាយុ ៧០​ឆ្នាំ នៅឯ​ខេត្ត យ៉ាម៉ា​គូ​ជិត (Yamaguchi)​។​
​បើតាម​អាជ្ញាធរ​ឧតុនិយម​ជប៉ុន​បាន​និយាយថា នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ព្យុះ​ទី​ហ្វុ​ង​ដ៏​កំណាច​មួយ​បានធ្វើ​ដំណើរ​ទៅកាន់​កោះ​សំខាន់ៗ​មួយចំនួន​នៅ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន​ដោយ​នាំមក​នូវ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​ទីនោះ​ធ្វើ​ឲ្យ​មនុស្ស​យ៉ាងតិច​ចំនួន​៥​នាក់​រងរបួស​ស្រាល​។​
​ព្យុះ​ទី​ហ្វុ​ង​ឡាន (Lan) បានធ្វើ​ដំណើរ​ក្នុង​ល្បឿន​ថិ​រ​អតិបរមា​១៦០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​នៅលើ​ឆ្នេរសមុទ្រ​ប៉ាស៊ីហ្វិក​នៅ​ភាគ​កណ្ដាល​ប្រទេស​ជប៉ុន​ហើយ​បាន​ដំណើរ​ទៅ​ភាគ​ឦសាន​ឆ្ពោះទៅរក​ទីក្រុង​តូ​ក្យូ​នៃ​ប្រទេស​ជប៉ុន​។​
​ដោយឡែក​ក្រុម​អ្នក​ជួយសង្គ្រោះ​កំពុង​ជួយ​ប្រជាពលរដ្ឋ​គ្មាន​ផ្ទះសម្បែង​មួយចំនួន​ន​ដែល​កំពុង​រស់នៅ​តាម​ច្រាំងទន្លេ​នៅក្នុង​ទីក្រុង​កា​វ៉ា​សា​គី​ក្រោយពី​ជំរំ​របស់​ពួកគេ​ត្រូវបាន​ទឹក​ជន់​លិច​។ ក្រៅតែពី​ការខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​ជើងហោះហើរ ៣៥០​ជើង ត្រូវបាន​លុបចោល​កាលពី​ថ្ងៃអាទិត្យ និង​១៧០​ជើង នៅ​ថ្ងៃ​ចន្ទ​នេះ​។ ចំណែកឯ​អ្នកដំណើរ ៤៣,០០០​នាក់ បាន​ទទួលរង​ផលប៉ះពាល់​ពី​ការលុបចោល​ទាំងនេះ​ផងដែរ​។​
​មន្ត្រី​អាជ្ញាធរ​បានចេញ​សេចក្ដី​ព្រមាន​ពី​ការបាក់​ស្រុតដី​និង​ទឹកជំនន់​ព្រមទាំង​ប្រាប់​ឲ្យ​អាជ្ញាធរ​ជម្លៀស​ប្រជាពលរដ្ឋ​រាប់ម៉ឺន​នាក់​ដែល​រស់នៅ​តំបន់​ស្ថិតនៅ​ភាគ​ខាងលិច​និង​ភាគ​កណ្ដាល​ប្រទេស​ជប៉ុន​និង​ទីក្រុង​តូ​ក្យូ​នៅមុន​ពេល​ព្យុះ​ទី​ហ្វុ​ង​នេះ​ធ្វើដំណើរ​ទៅដល់​តំបន់​ទាំងនេះ​៕