ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងប៉ារីស ប្រទេស បារាំងកាលពីរាត្រីថ្ងៃទី២២ តុលា ដើម្បីជួបពិភាក្សាជាមួយលោកស្រី អៀរីណា បូកូវ៉ា អគ្គនាយិកាអង្គការ
យូណេស្កូ ទាក់ទងទៅនឹងការចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងក្រុមប្រឹក្សាវប្បធម៌អាស៊ី ជាមួយអង្គការ យូណេស្កូដែលកិច្ចពិភាក្សានេះនឹងប្រព្រឹត្ដទៅពីថ្ងៃទី២៤ ដល់ទី២៥ ខែតុលា ឆ្នាំ២០១៧។
ថ្លែងប្រាប់អ្នកសារព័ត៍មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានឲ្យថា ក្រុមប្រឹក្សាវប្បធម៌អាស៊ីជាអង្គការវប្បធម៌មួយ ដែលកម្ពុជាជាប្រធានស្ថាបនិក និងមាន
ប្រទេសចិន នេប៉ាល់ និងរុស្ស៊ី ជាអនុប្រធាន ដែលបានសំរេចនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ អាយកាប់ នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េកាលពីពេលកន្លងទៅតាមការស្នើសុំរបស់ឯកឧត្តមឧប
នាយករដ្ឋមន្ត្រី ហោ ណាំហុងដោយគណៈកម្មាធិការអចិន្ត្រៃយ៍អាយកាប់បានឯកភាពអោយបង្កើតក្រុមប្រឹក្សាវប្បធម៌អាស៊ីក្នុងនាម ប្រទេសចំនួន៥៣ នៅអាស៊ីដែលជាសមាជិករបស់អាយកាប់ ហើយដែលបច្ចុប្បន្ននេះ ក្រុមប្រឹក្សាវប្បធម៌អាស៊ីនេះមានសមាជិក២៣ប្រទេស។
លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា សហប្រតិបត្តិការរវាង ក្រុមប្រឹក្សាវប្បធម៌ អាស៊ីជាមួយអង្គការយូណេស្កូ គឺមានសារៈសំខាន់ណាស់នាំអោយប្រទេសនានាចំនួន១៩៣សព្វថ្ងៃជាសមា ជិកអង្គការយូណេស្កូកាន់តែស្គាល់វប្បធម៌នៃប្រទេសអាស៊ី ជាពិសេសវប្បធម៌ខ្មែរដែលមានប្រាសាទ៣ហើយ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពរួមមាន តំបន់រមណីយដ្ឋានប្រវត្តិសាស្ដ្រប្រាសាទអង្គរ តំបន់ប្រវត្តិសាស្ដ្រព្រះវិហារ និងនៅពេលថ្មីៗកន្លងមកនេះ គឺតំបន់រម្មណីយដ្ឋានប្រវតិ្តសាស្ដ្រប្រាសាទសំបូរគុក៕