តុលាការកោះហៅលោក ជា មុនី មក បំភ្លឺសំណុំរឿងអំពើហិង្សា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2014 ក+ ក-

ភ្នំពេញ​៖ លោក ជា សុខ​ហៀ​ង ចៅក្រម​ស៊ើប សួរ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញ​ដីកា​កោះហៅ លោក ជា មុនី ប្រធានសហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណា ចក្រ​កម្ពុជា​ឲ្យ​ទៅ​ឆ្លើយបំភ្លឺ​ក្នុង​សំណុំរឿង​អំពើហិង្សា​នៅលើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង​នៅ​ម៉ោង​២​និង​៣០​នាទី រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០១៤​ខាងមុខនេះ​។
​ប្រភពព័ត៌មាន​បាន​ប្រាប់​ឲ្យ​ដឹងថា ដីកា​បង្គាប់​របស់លោក ជា សុខ​ហៀ​ង បាន​ផ្ញើជូន​លោក ជា មុនី កាលពី​ថ្ងៃទី​០២ ខែសីហា នៅ​ថ្ងៃទី​១១ ខែកញ្ញា នេះ បាន​ភ្ជាប់​លោក ជា មុនី ទៅនឹង​អំពើហិង្សា​ដោយ​ចេតនា ស្ថាន​ទម្ងន់ទោស ធ្វើ​ឲ្យ​ខូចខាត​ដោយ​ចេតនា​ស្ថាន​ទម្ងន់ទោស​, គំរាមកំហែង​ថា នឹងធ្វើ​ឲ្យ​ខូចខាត​ដោយ​ភ្ជាប់​នូវ​បញ្ហា​អ្វីមួយ និង​ប្រើ​មធ្យោបាយ​ដើម្បី​ជា​ឧបសគ្គ​ដល់​ចរាចរណ៍​សាធារណៈ​។​
​ប្រភព​បន្តថា ករណីនេះ​កើតឡើង​នៅមុខ​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ផ្លូវ​វេ​ង​ស្រេង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០១៣​រហូតដល់​ថ្ងៃទី​៣ ខែមករា ឆ្នាំ​២០១៤​។

គួររំលឹកថា ហិង្សា​បាន​ផ្ទុះឡើង​ក្នុង​សកម្មភាព​តវ៉ា​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល ១៦០​ដុល្លារ របស់​កម្មករ​-​កម្មការិនី កាលពី​អំឡុង​ខែធ្នូ ឆ្នាំ​២០១៣ ដោយ​មានការ​ដង្ហែ​ក្បួន​តាម​ដងផ្លូវ និង​បិទផ្លូវ​ជា​បន្តបន្ទាប់​រយៈពេល​ជាច្រើន​ថ្ងៃ នោះ បាន​ឈានដល់​ការផ្ទុះ​អំពើហិង្សា យ៉ាងធ្ងន់ធ្ងរ​រវាង​ក​ង​កម្លាំង​សមត្ថកិច្ច និង​ក្រុមអ្នកតវ៉ា​លើផ្លូវ​វេ​ង​ស្រេង​។ ការផ្ទុះ​អំពើហិង្សា​នេះ បណ្តាល​ឲ្យ​ក្រុមអ្នកតវ៉ា​៤​នាក់​ស្លាប់ ហើយ​ក្រុម​សមត្ថកិច្ច និង​ក្រុមអ្នកតវ៉ា​ជាច្រើន​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ និង​ស្រាល​៕
Untitled-3

     លោក ជា មុនី ប្រធាន​សហជីព​សេរី​កម្មករ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​