រាជធានីភ្នំពេញ ៖ លោក ចាន់ ចយ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ របស់គណបក្សសង្គ្រោះជាតិ បានប្រកាសសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ ការប្រកាសចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា របស់លោក ចាន់ ចយ បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រកាសស្វាគមន៍គ្រប់មេឃុំ ចៅសង្កាត់ ជំទប់ និងសមាជិក្រុមប្រឹក្សាឃុំ សង្កាត់ របស់គណបក្សសង្គ្រោះជាតិ ដោយរក្សាតំណែងជូនពួកគេឲ្យនៅដដែល។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងជំនួបជាមួយតំណាងកម្មករ និយោជិត កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៧ បានប្រកាសស្វាគមន៍ និងអំពាវនាវដល់មេឃុំ ចៅសង្កាត់ ជំទប់ និងក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្គ្រោះជាតិឲ្យចូលរួមជីវភាពនយោ បាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាតំណែងរបស់ពួកគេឲ្យនៅដដែល។
តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែលកំពុងស្នើធ្វើវិសោធនកម្ម បើសិនមិនមានការចូលរួមជីវភាពទេនោះ មេឃុំ ចៅសង្កាត់ ជំទប់ ក៏ដូចជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់របស់គណបក្សសង្គ្រោះជាតិ នឹងប្រឈមបាត់បង់តំណែង ក្រោយពេលគណបក្សនេះត្រូវរំលាយតាមបណ្តឹងរបស់ក្រសួងមហាផ្ទៃ។
សូមបញ្ជាក់ថា ក្រោយការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន មានជំទប់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់គណបក្សសង្គ្រោះជាតិពីររូបហើយសម្រេចផ្លាស់ជីវភាពនយោបាយរួមមាន៖ លោក ចាន់ ចយ ជំទប់ទី១ នៃឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ និងលោក ស្មាន ហ៊ីម សមាជិកក្រុមប្រឹក្សាសង្កាត់ច្រាំងចំរេះទី១ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ៕