ហ្វីលីពីន ៖ ប្រធានវិស័យការពារជាតិមកពីប្រទេសជាសមាជិកអាស៊ានទាំង១០បានប្ដេជ្ញាចិត្តប្រឹងប្រែងរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ។ ការប្តេជ្ញាបែបនេះធ្វើឡើងនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១១កាលពីថ្ងៃចន្ទនៅទីក្រុងក្លាក (Clark) ប្រទេសហ្វីលីពីន។
គណៈរដ្ឋមន្ត្រីមកពីប្រទេសជាសមាជិកអាស៊ានបានចុះហត្ថលេខាលើសេចក្ដីប្រកាសរួមគ្នាមួយដើម្បីបញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តធ្វើការរួមគ្នាប្រឆាំងគ្រប់ទម្រង់ទាំងអស់នៃអំពើភេរវកម្មនិងជ្រុលនិយមនៅក្នុងតំបន់អាស៊ាន។ ទន្ទឹមនោះគណៈរដ្ឋមន្ត្រីមួយចំនួនក៏បានថ្កោលទោសការឡោមព័ទ្ធរយៈពេល១ខែពីសំណាក់ក្រុមឧទ្ទាមនៅក្នុងទីក្រុងម៉ារ៉ាវីនៅប្រទេសហ្វីលីពីន និងបានសម្ដែងការគាំទ្រយ៉ាងពេញទំហឹងចំពោះកិច្ចប្រឹងប្រែងរបស់ រដ្ឋាភិបាលប្រទេសនេះក្នុងការដោះស្រាយស្ថានការណ៍សន្តិសុខ និងមនុស្សធម៌នៅក្នុងទីក្រុងនេះ។
ជាមួយគ្នានោះកិច្ចប្រជុំនេះបានអនុម័តបង្កើតផែនការសកម្មភាពរយៈពេល៣ឆ្នាំមួយដោយមានការយល់ព្រមពីគណៈរដ្ឋមន្ត្រីការពារជាតិរបស់អាស៊ាន និងបានសម្រេចរៀបចំកិច្ចប្រជុំបូកគណៈរដ្ឋមន្ត្រីការពារជាតិអាស៊ានជារៀងរាល់ឆ្នាំដោយចាប់អនុវត្តពីឆ្នាំក្រោយតទៅ៕