លោក សម រង្ស៊ី ចាប់ផ្តើម​សង្ស័យ​លោក កឹម សុខា រឿង​ល្បែង​នយោបាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 October, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​និរទេស​ខ្លួន​លោក សម រង្ស៊ី នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៧​នេះ បានចេញ​នូវ​វីដេអូ​ឃ្លី​ប​មួយ ខណៈដែល​ខ្លឹមសារ​ខ្លះៗ ដែល​លោក​បាន​និយាយ​ធ្វើ​ឲ្យ​គេ​កត់សម្គាល់ថា លោក​ចាប់ផ្តើម​សង្ស័យ​លើ​លោក កឹម សុខា ដែល​កំពុង​ជាប់ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​។​
លោក សម រង្ស៊ី បាន​និយាយថា « ឥឡូវនេះ​លោក កឹម សុខា គឺ​ស្ថិតនៅក្រោម​ការគំរាមកំហែង ។ ដូច្នេះ​រាល់​សេចក្តីសម្រេច ឬ​សេចក្តីប្រកាស​អ្វីមួយ​របស់លោក កឹម សុខា យើង​ជឿ ជាក់​ថា មិនមែនជា​សេចក្តីសម្រេច​របស់គាត់​ពិតប្រាកដ​នោះទេ » ។ លោក​បន្តថា បើ​គាត់​មាន​សេរីភាព​ពេញលេញ គឺ​គាត់​ច្បាស់​ជា​មិន​ធ្វើ​អ្វី​តាម​គេ​បង្គាប់បញ្ជារ​ឲ្យ​គាត់​ធ្វើ​នោះទេ ។ លោក​ថា មាន​អ្នកខ្លះ​កំពុង​យក ឈ្មោះ​លោក កឹម សុខា ទៅប្រើ​ប្រាស់ ដើម្បី​ទាក់ទាញ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ចុះចូល ជាមួយ​បក្ស​កាន់អំណាច​!….​។​
លោក សម រង្ស៊ី បាន​និយាយថា យើង​មិន​ព្រម​ដាច់ខាត​រាល់​ការសម្រេច​ទាំងឡាយណា របស់លោក កឹម សុខា នៅពេលដែល​លោក កឹម សុខា ពុំមាន​សេរីភាព​គ្រប់គ្រាន់ ។​លោក​ថា រាល់​ការសម្រេច​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មានតែ​គណកម្មាធិការ​អចិន្ត្រៃយ៍​គណបក្ស​ទើប ធ្វើ​សេចក្តីសម្រេច​ចិត្តបាន ។​
ការប្រកាស​របស់លោក សម រង្ស៊ី ធ្វើឡើង​បន្ទាប់ពី​ចរន្ត​នៃ​ការចុះ​ចូល​របស់​មន្ត្រី​ថ្នាក់លើ និង​មន្ត្រី​ថ្នាក់មូលដ្ឋាន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ទៅ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ CPP កាន់តែ​ច្រើនឡើងៗ បើទោះជា​មន្ត្រី​មួយចំនួន​បានធ្វើ​ការរារាំង​តាម​គ្រប់​រូបភាព​ក៏ដោយ ។​
តាម​ព័ត៌មាន​ទទួលបាន​មន្ត្រី​ភាគច្រើន​របស់​គណបក្ស​សង្គ្រោះ​ជាតិ បានទទួល​សារ​ណែនាំ​ពី​មន្ត្រី​ជំនិត​របស់លោក កឹម សុខា ដែល​ផ្តាំផ្ញើ​ឲ្យ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ចុះចូល​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា​ទៅ ដើម្បី​រក្សា​តំណែង និង​អនាគត​នយោបាយ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​នឹងត្រូវ​រលាយ​នៅពេល​ឆាប់ៗ ខាងមុខ​នេះហើយ​រឿង​ក្បត់ជាតិ ។​
ព័ត៌មាន​ខាងលើនេះ បានធ្វើ​ឲ្យ​លោក សម រង្ស៊ី កើត​មន្ទិល​យ៉ាងខ្លាំង ចំពោះ​លោក កឹម សុខា ដែល​អាច​និយាយថា លោក កឹម សុខា កំពុងតែ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ថ្នាក់ដឹកនាំ​បក្ស​កាន់ អំណាច ហើយ​បង្កើត​ឆាកល្ខោន​នយោបាយ​នេះ​ឡើង ដោយ​លោក កឹម សុខា សុខចិត្ត​ទទួល​យកទោស​ក្បត់ជាតិ ជា​ថ្នូរ​នឹង​អ្វីមួយ ។​
ទាក់ទង​ព័ត៌មាន​នេះ គេ​គួរតែ​រម្លឹក​ទៅ​អតីតកាល​បន្តិច​នៅពេលដែល Facebook សីហា បាន​ទម្លាយ​សម្លេង​ឆ្លើយឆ្លង​រវាង​សម្តេច ហ៊ុន សែន និង​លោក កឹម សុខា ក្នុងការ​រៀបចំ​សេណា នី​យោ ទាញ​ទម្លាក់​លោក សម រង្ស៊ី ពី​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​តំណែង​ប្រធាន គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​ដណ្តើម​កាន់កាប​ដោយ​លោក កឹម សុខា ។ បើ​យើង​បាន​ស្តាប់ និង​ពិចារណា​ទៅលើ​សម្លេង​ឆ្លើយឆ្លង​នោះ គឺ​សម្តេច ហ៊ុន សែន និង​លោក កឹម សុខា ជា​មនុស្ស​ក្នុង​ក្រុម​ជាមួយគ្នា ហើយ​រួមគ្នា​កម្ចាត់​លោក សម រង្ស៊ី ៕