ពីថ្ងៃ​នេះ​ដល់​ថ្ងៃទី​​៧​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​នៅពេល​យប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ រយៈពេល​៣​ថ្ងៃ​ជាប់​គ្នា ចាប់ពី​ថ្ងៃទី​២ ដល់ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​ខាងមុខនេះ ចំ​ថ្ងៃ​ដែល​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​អុំទូក ប​ណ្តែ​ង​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម (​នៅពេល​យប់​) និង​មាន​ខ្យល់​បោកបក់​ខ្លាំង​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​ធនធានទឹក​។
​ក្រសួង​បានបញ្ជាក់​បន្ថែមថា ចាប់ពី​ថ្ងៃទី​០២-០៤ ខែតុលា ឆ្នាំ​២០១៧ ខ្យល់មូសុង​ឥសាន នឹង​បង្កើន​ឥទ្ធិពល​ខ្លាំង ដែលមាន​ល្បឿន​ពី​៥​ទៅ​៨​ម៉ែត្រ​ក្នុង​១​វិនាទី និង​មាន​វិ​សម្ពាធ​ទាប​មួយ បាន​កើតឡើង​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយ​វិ​សម្ពាធ​នេះ នឹងធ្វើ​ដំណើរ​ចូល​ប៉ែក​ខាងក្រោម​ឈូង​សមុទ្រ​ថៃ ដែល​ឥទ្ធិពល​នេះ​នឹងធ្វើ​ឲ្យ​កម្ពុជា​៖
១៖ ចាប់ពី​ថ្ងៃទី​៣១ ខែតុលា ដល់​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៧ នឹងមាន​ភ្លៀង​ធ្លាក់ នៅតាម​បណ្តា​ខេត្ត​នានា ជាពិសេស​នៅតាម​តំបន់​ទំនាប កណ្តាល​ភាគខាងត្បូង និង​ភាគ​ខាងកើត​(​ជាប់​ប្រទេស​វៀតណាម​)​។​
២៖ ចាប់ពី​ថ្ងៃទី​២ ដល់ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម (​នៅពេល​យប់​) និង​មាន​ខ្យល់​បោកបក់​ខ្លាំង​។​
៣៖ ថ្ងៃទី​២ និង​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៧ នឹងមាន​ភ្លៀង​ធ្លាក់​នៅ​តំបន់​សមុទ្រ ជាពិសេស​ខេត្តកំពត កែប និង​ព្រះសីហនុ ហើយ​នៅលើ​ផ្ទៃសមុទ្រ នឹងមាន​ភ្លៀង​លាយឡំ​នឹង​ខ្យល់​បក់បោក​ខ្លាំង​។​
​ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ស្នើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ទូទាំង​កម្ពុជា ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀង​វាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​កើតមានឡើង​ជាយថាហេតុ​៕