កូរ៉េខាងជើង​ច្រានចោល​ការចោទប្រកាន់​ពាក់ព័ន្ធ​ករណី​វាយប្រហារ​តាម​អ៊ីនធឺណិត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 November, 2017 ក+ ក-

កូរ៉េខាងជើង ៖ ប្រទេស​កូរ៉េខាងជើង​បាន​រិះគន់​ចក្រភព​អង់គ្លេស​ចំពោះ​ការចោទប្រកាន់ថា ខ្លួន​កំពុង​ស្ថិតនៅ​ពីក្រោយ​ការវាយប្រហារ​ជំរិត​ទារប្រាក់​តាម​អ៊ីនធឺណិត​ជាស​កល​មួយ​ដែល​វាយប្រហារ​ទៅលើ​សេវា​សុខាភិបាល​ជាតិ​ហើយ​ហៅ​ការចោទប្រកាន់​នេះ​ថា​ជា “​ការប៉ុនប៉ង​អាក្រក់​” ដើម្បី​រឹតបន្តឹង​ទណ្ឌកម្ម​អន្តរជាតិ​បន្ថែមទៀត​ប្រឆាំងនឹង​ក្រុង​ព្យុងយ៉ាង​។​
​យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា មួយ​ភាគបី​នៃ​មន្ទីរពេទ្យ​សាធារណៈ​របស់​ចក្រភព​អង់គ្លេស​គឺ​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​មេរោគ WannaCry កាលពី​ខែឧសភា​។​កុំព្យូទ័រ​រហូតដល់​ទៅ​៣០០,០០០​គ្រឿង​នៅ​១៥០​ប្រទេស​ត្រូវបាន​រង​ការវាយប្រហារ​ដោយ​មេរោគ WannaCry ដែល​បាន​រឹបអូស​ប្រព័ន្ធ​និង​ទាមទារ​ការបង់ប្រាក់​ជា Bitcoin ដើម្បី​ប្រគល់​ការគ្រប់គ្រង​ដល់​អ្នកប្រើប្រាស់​វិញ​។​
​អ្នកស្រាវជ្រាវ​មួយចំនួន​បាន​ចង្អុល​ទៅ​ទីក្រុង​ព្យុងយ៉ាង​ដោយនិយាយ​ថា កូដ​ដែល​ប្រើ​គឺ​ស្រដៀង​គ្នា​នឹង​ការ Hack កាលពី​អតីត​កាលដែល​ស្តីបន្ទោស​ទៅលើ​របប​របស់លោក​គីម​ជុង​អ៊ុន​។​
​រដ្ឋមន្ត្រីក្រសួង​សន្តិសុខ​អង់គ្លេស​លោក Ben Wallace បាន​ប្រាប់ BBC កាលពី​សប្តាហ៍​មុន​ថា ក្រុង​ឡុង​ដ៍​គឺ​ប្រាកដ​ណាស់​ថា​កូរ៉េខាងជើង​គឺជា​អ្នកទទួលខុសត្រូវ​។​ប៉ុន្តែ​អ្នកនាំពាក្យ​សមាគម​កូរ៉េ​-​អឺរ៉ុប​របស់​កូរ៉េខាងជើង​បាន​បដិសេធ​ការចោទប្រកាន់​នេះហើយ​បាន​ព្រមាន​អង់គ្លេស​ប្រឆាំងនឹង​ការប៉ាន់ស្មាន​ដោយ​គ្មាន​មូលដ្ឋាន​។​
​អ្នកនាំពាក្យ​បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ដែល​ផ្សាយ​ដោយ​ភ្នាក់ងារ​ព័ត៌មាន​កណ្តាល​របស់​កូរ៉េខាងជើង​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ថា “​នេះ​គឺជា​ទង្វើ​ហួស​ពី​កម្រិត​នៃ​ការអត់ឱន​របស់​យើង​ហើយ​វា​ធ្វើ​ឲ្យ​យើង​ចោទសួរ​អំពី​គោលបំណង​ពិតប្រាកដ​នៅ​ពីក្រោយ​ទង្វើ​របស់​ចក្រភព​អង់គ្លេស​”​។​
​អ្នកនាំពាក្យ​រូបនេះ​បាន​និយាយទៀតថា “​សកម្មភាព​របស់​រដ្ឋា​ភិ​បាល​ចក្រភព​អង់គ្លេស​ក្នុងការ​ភ្ជាប់​កូរ៉េខាងជើង​ជាមួយនឹង​ការវាយប្រហារ​តាម​អ៊ីនធឺណិត​គឺ​មិនអាច​ត្រូវបាន​បកស្រាយ​តាម​វិធី​ណា​ផ្សេងទៀត​ទេ​ក្រៅពី​ការប៉ុនប៉ង​ដ៏​អាក្រក់​ដើម្បី​ទាក់ទាញ​សហគមន៍​អន្តរជាតិ​មិន​ឲ្យ​ទុកចិត្ត​កាន់តែខ្លាំង​ចំពោះ​កូរ៉េខាងជើង​”​។​
​យោងទៅតាម​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បានបង្ហាញ​ថា កូរ៉េខាងជើង​មាន​អង្គភាព​បណ្តុះបណ្តាល​ឯកទេស​វាយប្រហារ​តាម​អ៊ីនធឺណិត​មួយ​ដែលមាន​សមាជិក​ចំនួន​៦,៨០០​នាក់​។ វា​ត្រូវបាន​គេ​ចោទប្រកាន់ថា​បើក​ការវាយប្រហារ​បណ្តាញ​អ៊ីនធឺណិត​មាន​ឥទ្ធិពល​ខ្ពស់​រួមទាំង​ការ Hack ក្រុមហ៊ុន Sony Pictures ក្នុង​ឆ្នាំ​២០១៤​ផងដែរ​៕