ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ ចេញផ្សាយថា ព្យុះទីហ្វុងដ៏កំណាចមួយដែលមានឈ្មោះថា ដំរី បានវាយប្រហារភាគកណ្តាលប្រទេសវៀតណាមសម្លាប់មនុស្ស២៧នាក់ ខណៈដែលមនុស្ស ២២នាក់ទៀត នៅក្នុងខេត្ត Khanh Hoa, Phu Yen, Dak Lak និង Binh Dinh កំពុងបាត់ខ្លួន។
អាជ្ញាធរវៀតណាមបានឲ្យដឹងថា ក្រៅពីមនុស្សស្លាប់ និងបាត់ខ្លួនជាច្រើននាក់ នៅក្នុងខេត្តភាគកណ្តាលទាំងបួនខាងលើនេះ នាវាដឹកទំនិញតូច-ធំ និងទូកនេសាទប្រមាណ ២២៨គ្រឿង ក៏ត្រូវបានព្យុះដំរីមួយនេះ បោកពន្លិចទៅក្នុងសមុទ្រដោយរលកធំៗ និងខ្យល់បោកបក់ខ្លាំងក្លាផងដែរ។
ជាមួយគ្នានោះព្យុះនេះក៏បានបំផ្លាញផលដំណាំ ៣០,០០០ហិកតា ត្រូវបានលិចលង់ទៅក្នុងជំនន់ទឹកភ្លៀងយ៉ាងគំហុក ខណៈផ្ទះ ៦២៦ខ្នង បានដួលរលំទាំងស្រុង ឬរងការបំផ្លាញ និងប្រជាជន ៣៣,០០០នាក់ ត្រូវបានជម្លៀស។
គួរបញ្ជាក់ថា សម្រាប់តំបន់ដែលកំពុងទទួលរងគ្រោះធ្ងន់ជាងគេនោះ គឺស្ថិតនៅភាគកណ្តាលប្រទេស៕