ទារក​ច្រើន​នាក់​ស្លាប់​បន្តបន្ទាប់​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​ឥណ្ឌា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 November, 2017 ក+ ក-

​​ឥណ្ឌា ៖ ក្រុមគ្រូពេទ្យ​នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​បានបញ្ជាក់​ពីថ្ងៃ​អាទិត្យ​ថា កូនក្មេង​ទើបនឹង​កើត​ចំនួន​៣០​នាក់​បាន​ស្លាប់​ក្នុង​រយៈពេល​២​ថ្ងៃ​ជាប់ៗ​គ្នា​នៅ​មន្ទីរពេទ្យ​រដ្ឋ​មួយកន្លែង​នៅ​រដ្ឋ​អ៊ូ​តា​ប្រា​ដិ​ស​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​។​
​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត ឌី​ខេ ស្រី​វ៉ា​ស្តា​វ៉ា (DK Shrivastava) មកពី​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​បាន​និយាយថា កូនក្មេង​ចំនួន​១៥​នាក់​បាន​ស្លាប់​នៅ​ផ្នែក​ថែទាំ​ទារក ហើយ​ចំនួន​១៥​នាក់​ទៀត​បាន​ស្លាប់​នៅ​ផ្នែក​ថែទាំ​កូនក្មេង​នៅ​មន្ទីរពេទ្យ​រដ្ឋ​នៅក្នុង​រដ្ឋ​នេះ​។ លោក ស្រី​វ៉ា​ស្តា​វ៉ា បាន​បន្ថែមថា ក្នុងចំណោម​ក្មេង​ដែល​ស្លាប់​ទាំងនេះ​គឺមាន​ក្មេង​ចំនួន​៦​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺរលាកស្រោមខួរ​ក្បាល ហើយ​ទារក​ផ្សេងទៀត​បាន​ស្លាប់​ដោយសារ​មូលហេតុ​មួយចំនួនទៀត​។​
​សូមបញ្ជាក់ថា គ្រោះថ្នាក់​នេះ​បាន​កើតឡើង​រយៈពេល​២​ខែ​មកហើយ​ក្រោយពី​មាន​មនុស្ស​យ៉ាងតិច​១០៥​នាក់​ភាគច្រើន​ជា​ទារក និង​កូនក្មេង​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ដដែល​នេះ ខណៈ​មន្ទីរពេទ្យ​នេះ​គ្មាន​ការផ្គត់ផ្គង់​វេជ្ជសាស្ត្រ​ដោយសារ​គ្មាន​ចំណូល​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មូលដ្ឋាន​ខឹងសម្បា​ពី​បញ្ហា​នេះ​៕