អាហ្វហ្គានីស្ថាន ៖ ក្រុមមន្ត្រីមូលដ្ឋានបាននិយាយថា មនុស្សយ៉ាងតិច៥នាក់បានស្លាប់ក្នុងនោះមានអ្នកវាយប្រហារចំនួន២នាក់ និងចំនួន២១នាក់ទៀតបានរងរបួសក្នុងការវាយប្រហារភេរវកម្មមួយនៅស្ថានីយទូរទស្សន៍សាមសាដ (Shamshad) នៅក្នុងទីក្រុងកាប៊ូលប្រទេសអាហ្វហ្គានីស្ថាន។
គ្រោះថ្នាក់នេះបានកើតឡើងនៅព្រឹកថ្ងៃម្សិលមិញនៅពេលក្រុមភេរវករចំនួន២នាក់បានវាយប្រហារស្ថានីយទូរទស្សន៍នេះដោយចោលគ្រឿងផ្ទុះនៅច្រកចូលស្ថានីយបន្ទាប់មកដើរចូលក្នុងអគារការិយាល័យក្នុងម៉ោងធ្វើការធ្វើឲ្យបុគ្គលិកមួយចំនួនវាយកញ្ចក់លោតតាមបង្អួចគេចពីគ្រោះថ្នាក់នេះ។
ក្រោយមក អ្នកវាយប្រហារបានក្លែងខ្លួនជាមន្ត្រីប៉ូលិសចូលជ្រកក្នុងអគារមួយនៅក្នុងស្ថានីយ៍នេះ ហើយក៏មានការប៉ះទង្គិចគ្នារវាងអ្នកវាយប្រហារនិងកងកម្លាំងពិសេសដែលបានទៅដល់ទីនោះក្រោយពីកើតហេតុដោយបានបាញ់សម្លាប់អ្នកវាយប្រហារទាំង២នាក់នេះនៅកន្លែងកើតហេតុ។
គណៈកម្មាធិការសុវត្ថិភាពអ្នកកាសែតនៅប្រទេសអាហ្វហ្គានីស្ថានបាននិយាយថា ប្រព័ន្ធផ្សព្វផ្សាយនិងអ្នកកាសែតតែងរងការវាយប្រហារពីក្រុមបះបោរដោយគ្រាន់តែរយៈពេល៦ខែដំបូងក្នុងឆ្នាំនេះគឺមានបុគ្គលិកផ្នែកព័ត៌មាននិងអ្នកកាសែតចំនួន១០នាក់ត្រូវបានសម្លាប់នៅប្រទេសនេះ៕