អាមេរិក ៖ តាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ ABC តាមរយៈរបាយការណ៍ស្ទង់មតិមួយថា ពលរដ្ឋអាមេរិកដល់ទៅ៦៥ភាគរយបាននិយាយថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ សម្រេចការងារបានតិចតួចប៉ុណ្ណោះ នៅក្នុងអំឡុងពេលកាន់អំណាចរយៈពេលជិតមួយឆ្នាំមកនេះ។
ផ្ទុយទៅវិញ អ្នកឆ្លើយតបតែ៣៧ភាគរយប៉ុណ្ណោះ យល់ស្របទៅនឹងប្រសិទ្ធភាពការងាររបស់លោក ត្រាំ ដែលនេះគឺជាតួលេខទាបបំផុតនៅក្នុងប្រវត្តិសាស្ត្រអាមេរិក បើធៀបនឹងប្រធានាធិបតីដទៃទៀតគិតចាប់តាំងពីឆ្នាំ១៩៤៦មក បន្ទាប់ពីលោក ត្រាំ បានឡើងកាន់តំណែងបានរយៈពេល៩ខែដំបូង។
ការស្ទង់មតិនោះ បានរកឃើញទៀតថា អ្នកឆ្លើយតបដល់ទៅ៥៥ភាគរយ និយាយថា លោក ត្រាំ នឹងមិនធ្វើតាមការសន្យាដែលលោកបានប្ដេជ្ញានៅអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនោះទេ ដែលតួលេខនេះបង្ហាញនូវការកើនឡើងពីអត្រា៤១ភាគរយ នៅក្នុងការស្ទង់មតិមួយកាលពីខែមេសាកន្លងមក ពោលគឺ ១០០ថ្ងៃក្រោយលោក ត្រាំ ឡើងកាន់តំណែង។
ការស្ទង់មតិក៏បានចោទសួរផងដែរថា តើលោក ត្រាំ ជាមេដឹកនាំខ្លាំងម្នាក់ឬទេ។ ជាការឆ្លើយតប ពលរដ្ឋ ៤០ភាគរយប៉ុណ្ណោះយល់ស្រប ប៉ុន្តែ តួលេខនេះបង្ហាញពីការធ្លាក់ចុះពីចំនួន ៥៣ភាគរយ នៅក្នុងការស្ទង់មតិកាលពីខែមេសាកន្លងមក។
សូមបញ្ជាក់ថា លោក ត្រាំ បានឡើងដឹកនាំអាមេរិកបន្តពីអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី២០ ខែមករាក្នុងឆ្នាំនេះ បន្ទាប់ពីលោកឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីខែវិច្ឆិកាឆ្នាំមុន៕