ហាណូយ ៖ ចំនួនមនុស្សស្លាប់បានកើនដល់ ៨៩នាក់ហើយ និងប្រមាណ១៨ផ្សេងទៀតនៅតែបន្តបាត់ខ្លួនដដែល ខណៈដែលមនុស្ស១៧៤នាក់រងរបួសដោយសារព្យុះទីហ្វុងដំរីដែលបានវាយលុកយ៉ាងចាស់ដៃ នៅតាមបណ្តាញឆ្នេរភាគកណ្តាល និងភាគខាងត្បូងប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន។ នេះបើតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅព្រឹកនេះ។
រដ្ឋាភិបាលវៀតណាម គិតចាប់តាំងតែពីព្យុះកំណាចខាងលើ បានធ្វើដំណើរមកដល់កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនមក មនុស្សសរុបកើនដល់៨៩នាក់ បានបាត់បង់ជីវិត នៅក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដី ព្រមទាំងក្នុងហេតុការណ៍លិចទូក នៅឯនាយសមុទ្រ ខណៈមនុស្សប្រមាណ១៨ផ្សេងទៀត នៅតែបន្តបាត់ខ្លួនដដែល និង១៧៤នាក់រងរបួស។ ក្រៅពីនេះ លំនៅឋានជាង២,០០០ខ្នងត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង និងច្រើនជាង១១០,០០០ខ្នងទៀត រងការខូចខាត ហើយសត្វចិញ្ចឹមជិត ១០,០០០ក្បាលបានងាប់។
ព្យុះទីហ្វុងដំរី គឺជាព្យុះដ៏កំណាចចុងក្រោយគេបង្អស់ ដែលបានបោកបក់មកលើបណ្តោយឆ្នេរប្រទេសវៀតណាម ក្នុងឆ្នាំ២០១៧នេះ ខណៈមនុស្សយ៉ាងតិច ២៤០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់ ឬក៏បាត់ខ្លួន នៅក្នុងគ្រោះទឹកជំនន់ និងរអិលបាក់ដី ចាប់តាំងពីដើមឆ្នាំនេះ។
សូមបញ្ជាក់ថា ព្យុះទីហ្វុងដំរីនេះ បានវាយប្រហារមកលើប្រទេសអាស៊ានមួយនេះ នៅមុនប្រទេសនេះ គ្រោងរៀបចំធ្វើជាម្ចាស់ផ្ទះ សម្រាប់សន្និសីទស្តីពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច នៃតំបន់អាស៊ីប៉ាស៊ីហ្វិកហៅកាត់ថា APEC នៅឯទីក្រុងដាណាង នាសប្តាហ៍ក្រោយ។ កិច្ចប្រជុំកំពូលនេះ នឹងមានការចូលរួមពីសំណាក់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ, ប្រធានាធិបតីចិន លោក ស៊ី ជិនពីង, និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ផងដែរ៕