ភ្នំពេញ ះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១០ មីនា បានចេញលិខិតនិរាករណ៍លើលិខិតអនុញ្ញាតនាំចូល នាំចេញជីកសិកម្ម ដែលបានផ្តល់ឱ្យក្រុមហ៊ុនក្នុងស្រុកមួយ បន្ទាប់ពីបានរកឃើញមានកន្ទុយបារីក្នុងទំនិញដែលបាននាំចូលនោះ។ គេសង្ស័យថា មានសារធាតុគីមីពុលនៅក្នុងជីនោះ។
ក្រសួងកសិកម្ម បាននិរាករណ៍លើការអនុញ្ញាតិឱ្យមានការនាំចេញ-ចូលរបស់ក្រុមហ៊ុន ក្នុងស្រុកមួយបន្ទាប់ពីបានរកឃើញថាជីកសិកម្មដែលក្រុមហ៊ុនបាននាំចូល គឺមានកន្ទុយបារី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម។
បើតាមក្រសួងដដែល មន្ទីកសិកម្មរាជធានីខេត្ត ត្រូវប្រមូលទំនិញដែលមានកន្ទុយបារីទាំងអស់ដែលក្រុមហ៊ុនប៉ែនលឹម ត្រេឌីងគ្រុប បាននាំចូលយកមកគ្រប់គ្រងនិងចាត់វិធានការតាមនិតិវិធី។
លោក អៀង សុផល្លែត អ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងបញ្ជាក់ថា ក្រសួងបានបញ្ជូនមន្ត្រីជំនាញទៅកាន់កន្លែងដែលមានស្តុករួចរាល់ហើយ ដើម្បីពិនិត្យនិងសិក្សាស្រាវជ្រាវ។ បើតាមការបញ្ជាក់ពីក្រសួងកសិកម្ម ជីកសិកម្មដែលមានលាយជាមួយកន្ទុយបារីនោះ គឺមានប្រមាណ៣០តោន។ ទំនិញដែលមានកន្ទុយបារីនេះ ត្រូវបានចែកចាយទៅកាន់បណ្តាខេត្តមួយចំនួន ដូចជា ខេត្តសៀមរាប ត្បូងឃ្មុំ និង ឧត្តរមានជ័យ។
បើតាមអ្ននាំពាក្យដដែល បើករណីមានការចែកចាយនៅតាមបណ្តាខេត្តផ្សេងនោះត្រូវរាយការណ៍មកកាន់ ក្រសួងជាបន្ទាន់។ បើតាមព័ត៌មានក្នុងស្រុកវិញ សារធាតុទាំងអស់មានប្រមាណ៦០តោន ដែលត្រូវបានយកទៅស្តុកទុកចោល ក្នុងខេត្តសៀមរាប ១០តោន ខេត្ត ត្បូងឃុំ ៣០តោន និង ឧត្តរមានជ័យ២០តោន។ ហើយជីធម្មជាតិដែលមានសុទ្ធតែកន្ទុយបារីនេះ គឺត្រូវបានគេយកមកស្តុកទុកចោលប្រមាណ៣ខែមកហើយ។
សូមបញ្ជាក់ថា កាលពីឆ្នាំ១៩៩៨ មានការអនុញ្ញាតិនាំចូលសារធាតុពុលគីមីម្តងហើយ យកមកចាក់ចោលនៅក្រុងព្រះសីហនុ ដោយឡែកការនាំចូលកន្ទុយបារីលើកនេះ ក៏ត្រូវបានគេសង្ស័យថាមានសារធាតុពុលផងដែរ។ ប៉ុន្តែនៅមិនទាន់មានការបញ្ជាក់ជាផ្លូវការណាមួយនៅឡើយទេ បើតាមមន្ត្រីអ្នកនាំពាក្យក្រសួងកសិកម្ម ក្រសួងនឹងពិសោធន៍មើលលើសារធាតុដែលបាននាំចូលទាំងនោះ ថាតើមានសារធាតុប៉ះពាល់អ្វីខ្លះ ? ៕rfi