រាជធានីភ្នំពេញ ៖ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិម៌បានឲ្យដឹងថា ទង្វើក្លែងបន្លំរបស់ ទណ្ឌិត សម រង្ស៊ី ក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពេលនេះ បង្កើតបាន ជាបទល្មើសព្រហ្មទណ្ឌសម្រាប់ខ្លួនឯងផង និងនាំឱ្យ CNRP ប្រឈមមុខនឹងច្បាប់ គណបក្ស នយោបាយថែមទៀត ។ លោកថា អ្វីដែលសំខាន់ជាងនេះទៀតនោះគឺលោក សម រង្ស៊ី បានជម្រុញឲ្យគណបក្សសង្គ្រោះជាតិឆាប់រំលាយតែម្តង ។
សូមបញ្ជាក់ថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានចុះហត្ថលេខា ក្នុងនាមតំណាងរាស្ត្របក្សប្រឆាំងនៅលើសេចក្តីថ្លែងការណ៍របស់អ្នកតំណាងរាស្ត្រគណបក្ស កាលពីម្សិលមិញដែលបង្ហាញអំពីជំហរទាមទារឲ្យមានការដោះលែងលោក កឹម សុខា រួមទាំងជំហរដ៏រឹងមាំរបស់គណបក្សទាំងមូលផងដែរ ។ ប៉ុន្តែមន្ត្រីអ្នកច្បាប់ បានអះអាងថា លោក សម រង្ស៊ី បានក្លែងបន្លំចុះហត្ថលេខាក្នុងនាមតំណាងរាស្ត្រក្នុងពេលដែល លោកបានលាលែងចេញទាំងអស់ពីគណបក្សសង្គ្រោះជាតិ ។
អ្នកនាំពាក្យរូបនោះបញ្ជាក់ថា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលបានលាលែងទាំងអស់ ចេញពីគណបក្សនេះរួចហើយនោះ បានក្លែងបន្លំខ្លួនចុះហត្ថលេខាធ្វើជាតំណាង រាស្ត្រមួយរូប ក្នុងចំណោមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិនៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ លើសេចក្តីថ្លែងការណ៍មួយ ដើម្បីបានជាសំឡេងបង្ហាញជំហរ ប្តេជ្ញាចិត្តនៅជាមួយគណបក្សប្រឆាំង។
សូមជម្រាបថា បើតាមច្បាប់គណបក្សនយោបាយថ្មី រាល់គណបក្សនយោបាយទាំងអស់ មិនអនុញ្ញាតឱ្យ ប្រើប្រាស់សំឡេង ឬសេចក្តីថ្លែងការណ៍របស់ទណ្ឌិត ដើម្បីជាប្រយោជន៍ គណបក្ស នយោបាយឡើយ។ គណបក្សនយោបាយ ដែលប្រព្រឹត្តខុសនឹងច្បាប់នេះ នឹងត្រូវផ្តន្ទាទោសទៅតាមច្បាប់៕