រាជធានីភ្នំពេញ ៖ ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ រយៈពេល៦៩ថ្ងៃ មានប្រជាពលរដ្ឋចំនួន៥២៥,៤៥៩នាក់ ស្មើនឹង ៣២.៣១ភាគរយ បានទៅចុះឈ្មោះបោះឆ្នោត ដែលសរុបចំនួនពលរដ្ឋឈ្មោះបោះឆ្នោតបណ្ដោះអាសន្នមានចំនួន៨,៣៧០,៥៨៥នាក់។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
សេចក្ដីប្រកាសបានបន្តថា រយៈពេល៦៩ថ្ងៃដូចគ្នា ប្រជាពលរដ្ឋដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ មានចំនួន ១៩,៩០៧នាក់ និងអ្នកត្រូវកែតម្រូវឈ្មោះមានចំនួន ៥,៤៩៣នក់។
តាមការប៉ាន់ស្មានរបស់ គ.ជ.ប ប្រជាពលរដ្ឋខ្មែរដែលត្រូវមកចុះបោះឆ្នោត ក្នុងបញ្ជីចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០១៧ មានជាង១.៦លាននាក់ ខណៈប្រជាពលរដ្ឋខ្មែរ ដែលមានអាយុ១៨ឆ្នាំឡើងទៅ ត្រូវបានប៉ាន់ស្មានថា មានប្រមាណ៩.៨លាននាក់។
សូមបញ្ជាក់ថា ដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ មានចំនួន៧០ថ្ងៃ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៧៕