​បញ្ជូន​មន្ត្រីនគរបាល​ដែល​បើក​រថយន្តបុក​យោធា​ស្លាប់ទៅ​តុលាការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 November, 2017 ក+ ក-

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១០ វិច្ឆិកា ឆ្នាំ​២០១៧​នេះ នគរបាល​កា​រិ​យ​ល័យ​ចរ​ចរណ៍​ផ្លូវគោក​បាន​បញ្ជូន​មន្ត្រីនគរបាល​ម្នាក់​ឡើង​តុលាការ ពាក់ព័ន្ធ​ករណី​បើកបរ​ក្នុងស្ថានភាព​ស្រវឹង​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​ស្លាប់​មន្ត្រី​យោធា​ម្នាក់ ក្រោយ​បញ្ជូន​ទៅដល់​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​។​
​ជនបង្ក​ឈ្មោះ ឈាង វិជ្ជា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជា​មន្ត្រីនគរបាល មាន​លំនៅស្ថាន​លេខ​២៩៩២ ផ្លូវ​ហាណូយ សង្កាត់​ឃ្មួញ ខណ្ឌ​សែន​សុខ ជា​អ្នកបើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ភ្នំពេញ 2AQ 1434​។ ជនរងគ្រោះ​ឈ្មោះ មា​ជ រី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជា​មន្ត្រី​យោធា មាន​លំនៅស្ថាន​លេខ ៤៩ ផ្លូវលំ ដ​ង្កា​ត់​ស្រះចក ខណ្ឌដូនពេញ ជា​អ្នកជិះ​ម៉ូតូ​មាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1S 3398​។​
​សូមជម្រាបថា កាលពី​វេលា​ម៉ោង​១ និង​៥​នាទី​យប់​ថ្ងៃទី​៨ វិច្ឆិកា ឆ្នាំ​២០១៧ នៅ​ចំណុច​ផ្លូវ​លេខ ១០៦​កែង​ផ្លូវ​លេខ​៥១ ភូមិ​២ សង្កាត់​ស្រះចក ខណ្ឌដូនពេញ រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង​ដែល​អ្នកបើកបរ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​បាន​បុក​ម៉ូតូ​ធ្វើដំណើរ​ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​អ្នកបើក​ម៉ូតូ​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា ប៉ុន្តែ​ដោយ​ស្ថានភាព​អ្នករបួស​ធ្ងន់ធ្ងរ​ពេក​ជនរងគ្រោះ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​៕