ភ្នំពេញ៖ តុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនលោកផ្កាយ៣ គីម ចាន់នី អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៥ ពាក់ព័ន្ធករណីឆបោក។
លោក គីម ចាន់នី និងជនជាប់ចោទឈ្មោះ រស់ សុវណ្ណវាសនា (ជាប់ពន្ធនាគារប៉េហ្ស៊ី) ត្រូវបានលោក កែវ រ៉េមី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី ប្តឹងពីបទឆបោកក្នុងរឿងខ្ចីលុយ បញ្ចាំដីនៅខេត្តសៀមរាបកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១២ កន្លងទៅនេះ។
លោកផ្កាយបី គីម ចាន់នី និងលោក រស់ សុវណ្ណវាសនា ត្រូវបានតុលាការ
សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែមីនា ប្រកាសសាលក្រមផ្តន្ទាទោសដាក់ពន្ធនាគារ ២ឆ្នាំ និងបង្គាប់អោយសងប្រាក់ជាង ៣៦ ម៉ឺនដុល្លារ ដល់លោក កែវ រ៉េមី លោក ឈឹម ណារិទ្ធ និងអ្នកស្រី អុន សុមាលា។ ចំណែកលោក គីម ចាន់នី ត្រូវបានតុលាការចេញដីកាបង្គាប់អោយចាប់ខ្លួន។
ទាំងលោក គីម ចាន់នី និងលោក រស់ សុវណ្ណវាសនា បានហៅការកាត់ក្តីនេះ គឺជាអំពើអយុត្តិធម៌ដែលមិនអាចទទួលយកបាន និងបានអំពាវនាវដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អង្គភាពប្រឆាំងអំពើពុករលួយ និងព្រះមហាក្សត្រ ជួយផ្តល់ភាពយុត្តិធម៌ដល់ខ្លួន៕
លោកឧត្តមសេនីយ៍ឯក គីម ចាន់នី