ភ្នំពេញ ៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ម៉ាកាឡូត ហ្គាមិន ខូអិលធីឌី ស្ថិតក្នុងសួនឧស្សាហកម្មវឌ្ឍនអគារអូ ស្ថិតនៅតាមផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានភ្លើងឆេះអស់ទាំងស្រុង នៅព្រឹកព្រលឹងថ្ងៃទី១៤ វិច្ឆិកា នេះ តែមិនទាន់បញ្ជាក់ពីមូលហេតុពិត រហូតដល់អគ្គីភ័យនៅឡើយទេ។
អគ្គីភ័យបានលេបត្របាក់អគាររោងចក្រកាត់ដេរសំលៀកបំពាក់ ម៉ាកាឡូត ហ្គាមិន ខូអិលធីឌីទាំងស្រុង និងបានបំផ្លាញសម្ភារៈរោងចក្រជាច្រើនក្នុងរោងចក្រតាំងពីម៉ោង ៤ និង៣០នាទីព្រឹករហូតដល់ម៉ោង ៨ និង ៣០នាទីព្រឹកថ្ងៃទី ១៤ វិច្ឆិការនេះ ពោលភ្នាក់ងារពន្លត់អគ្គីភ័យបានប្រើពេលរហូតដល់ជាង ៤ម៉ោង ដើម្បីពន្លត់អគ្គីភ័នេះ។ រោងចក្រដែលឆាបឆេះ មានទំហំប្រមាណ៤៨ម៉ែត្រគុណ១២០ម៉ែត្រ មានចំនួន២ អគារជាប់គ្នាមានកម្មករបម្រើការងារជាង១០០០នាក់ធ្វើការ ។ ទោះយ៉ាងណា មូលហេតុពិតប្រាកដនៅមិនទាន់ដឹងនៅឡើយទេ ខណៈពេលនេះក្រុមជំនាញ កំពុងធ្វើការពិនិត្យរកមូលហេតុ។
បើតាមសន្តិសុខយាមនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុពួកគាត់កំពុងតែយាមល្បាត សុខៗស្រាប់តែបានលឺសំលេងផ្ទុះចេញពីបរិវេណខាងក្រោយរោងចក្រ ដោយសារតែលឺសំលេងផ្ទុះខ្លាំង ហើយពួកគាត់ជាសន្តិសុខបានរត់ទៅមើលឃើញមានអណ្តាតភ្លើងឆេះចេញយ៉ាងសន្ធោសន្ធៅទៅហើយ ហើយពួកគាត់បានរត់ទៅយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់អស់ជាច្រើន តែភ្លើងមិនរលត់កាន់តែឆេះខ្លាំងទៅៗ ។ ពួកគាត់បានផ្តល់ដំណឹងនេះទៅប្រាប់សមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យបានមកជួយអន្តរាគមន៍បាញ់ពន្លត់អស់ជាច្រើនគ្រឿង។
ប៉ុន្តែបើតាមលោក យឹម សារ៉ាន់ អធិការដ្ឋានបានដឹងថា នៅពេលល្ងាចមុនថ្ងៃកើតហេតុ មានជាងដែកមកផ្សាជួសជុលដំបូល ហើយនៅវេលាម៉ោង៤ទៀបភ្លឺស្រាប់តែផ្កាភ្លើងដែលជាងដែកផ្សាបានធ្លាក់កម្ទេចធ្លាក់មក លើកម្ទេចក្រណាត់ធ្វើឲ្យឆាបឆេះម្តងរួចមកហើយ តែបានពន្លត់រលត់ទៅវិញ ។ រោងចក្របានបិទ ទ្វារស្រាប់តែវេលាទាបភ្លឺនេះក៍កើតអគ្គិភ័យតែម្តង។
ក្រោយប្រតិបត្តិរយៈពេលបួនម៉ោង គឺចាប់ពីម៉ោង ៤ និង៣០នាទីរហូតដល់ម៉ោង ៨និង៣០នាទីទើបភ្នាក់ងារពន្លត់អគ្គិភ័យគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ប៉ុន្តែសមត្ថកិច្ចនៅតែបន្តបាញ់ទឹកពន្លត់រហូតដល់ម៉ោង ១០ព្រឹក។ នគរបាល បានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន៣២គ្រឿង និងបានបាញ់ទឹកពន្លត់អស់ ១៣៤គ្រឿង ក្នុងនោះរថយន្តរបស់នគរបាលក្រុង ២០គ្រឿង រថយន្តរបស់ ង ៧០ ចំនួន៥គ្រឿង រថយន្តរបស់ក្រុងរណបចំនួន៤គ្រឿង រថយន្តរបស់ស្របៀរកម្ពុជា ចំនួន១គ្រឿង និងរថយន្តរបស់កាណឌីយ៉ាចំនួន២គ្រឿង។គេនៅមិនទាន់ដឹងពីទំហំនៃការខូចខាតនៃអគ្គីភ័យនៅឡើយទេ៕