អូស្ត្រាលី ៖ ក្រុមអ្នកគាំទ្រឲ្យមានមង្គលការសម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នាបានប្រមូលផ្ដុំគ្នាក្នុងទឹកចិត្តរីករាយនៅទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីបន្ទាប់ពីប្រជាជនអូស្ត្រាលីបានបោះឆ្នោតគាំទ្រឲ្យដាក់អាពាហ៍ពិពាហ៍ស្រលាញ់ភេទដូចគ្នាស្របច្បាប់នៅក្នុងការបោះឆ្នោតស្ទង់មតិតាមប្រៃសណីយ៍។
ការិយាល័យស្ថិតិប្រទេសអូស្ត្រាលីបាននិយាយថា ការបោះឆ្នោតស្ទង់មតិរយៈពេល២ខែដ៏ចំឡែកនេះបានបង្ហាញថា ចំនួន៦២ភាគក្នុងចំណោមយុវជនដែលបានចុះឈ្មោះបោះឆ្នោតនេះបានបោះឆ្នោតគាំទ្រឲ្យមានអាពាហ៍ពិពាហ៍ស្រឡាញ់ភេទដូចគ្នា។
ជាមួយគ្នានោះរដ្ឋាភិបាលប្រទេសអូស្ត្រាលីបានសន្យាថា នឹងជំរុញឲ្យរដ្ឋសភាជាតិពិចារណាលើសេចក្ដីស្នើច្បាប់នេះដើម្បីបង្កើតសមភាពអាពាហ៍ពិពាហ៍នៅប្រទេសនេះនៅក្នុងសម័យប្រជុំរយៈពេល២សប្ដាហ៍ចុងក្រោយរបស់សភាជាតិដែលគ្រោងនឹងបិទបញ្ចប់នៅថ្ងៃទី៧ខែធ្នូខាងមុខនេះ។
បើទោះជាច្បាប់សម្រាប់អាពាហ៍ពិពាហ៍ស្រឡាញ់ភេទដូចគ្នាហាក់ដូចជាមានពន្លឺនៅប្រទេសអូស្ត្រាលីនៅត្រឹមរង្វង់ពិធីបុណ្យណូអែលក៏ពិតមែន ប៉ុន្តែក៏នៅមានសមាជិកសភាមួយចំនួនបានប្ដេជ្ញាចិត្តថានឹងបោះឆ្នោតជំទាស់នឹងសេចក្ដីស្នើច្បាប់នេះដោយមិនខ្វល់ពីលទ្ធផលបោះឆ្នោតស្ទង់មតិនេះឡើយ៕