តេហេរ៉ង់ ៖ មកទល់នឹងពេលនេះចំនួនមនុស្សស្លាប់បានកើនដល់៥៤០នាក់ហើយ ខណៈមនុស្សជាង ៨,០០០នាក់ទៀតរងរបួសក្នុងករណីគ្រោះរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័រ ដ៏កក្រើកមួយបានវាយប្រហារចំតំបន់ព្រំដែនរវាងអ៊ីរ៉ាក់ និងអ៊ីរ៉ង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសអ៊ីរ៉ង់បានបញ្ជាក់ថា ចំណុចរំញ័រនៃហេតុការណ៍រញ្ជួយផែនដីខាងលើ បានកើតឡើងកាលពីថ្ងៃអាទិត្យ នៅចម្ងាយប្រមាណ១០៣គីឡូម៉ែត្រ ភាគអាគ្នេយ៍ ទីក្រុង Sulaymaniyah នៃប្រទេសអ៊ីរ៉ាក់ និងជះឥទ្ធិពលយ៉ាងកក្រើកដល់ខេត្តចំនួន១៤ ឯណោះរបស់អ៊ីរ៉ង់ ដែលនៅជាប់ព្រំដែនជាមួយអ៊ីរ៉ាក់។
បើតាមអាជ្ញាធរអ៊ីរ៉ង់បានបញ្ជាក់ឲ្យដឹងថា សម្រាប់មនុស្សស្លាប់ និងរបួសទាំងជាង ៨,០០០នាក់ខាងលើនេះ ភាគច្រើនបំផុត ស្ថិតនៅក្នុងប្រទេសអ៊ីរ៉ង់តែម្តង។ ដោយឡែកក្រៅពីមនុស្សបាត់បង់ជីវិត អគារនិងផ្ទះច្រើនជាង ១២,០០០ខ្នង ក៏បានទទួលរងការបំផ្លិចបំផ្លាញក៏ដូចជាដួលរលំផងដែរ រីឯប្រជាជន ៧០,០០០នាក់ កំពុងត្រូវការជំនួយ និងតង់ស្នាក់នៅបណ្ដោះអាសន្នជាបន្ទាន់។
សូមបញ្ជាក់ថា គ្រោះរញ្ជួយដីខាងលើគឺបានសម្លាប់មនុស្សច្រើនជាងគេបំផុតក្នុងឆ្នាំ២០១៧នេះ បន្ទាប់ពីគ្រោះរញ្ជួយដីនៅម៉ិចស៊ីកូ ផ្ដាច់យកអាយុជីវិតមនុស្ស៣៦៩នាក់ កាលពីខែកញ្ញា៕