ស្ស៊ីមបាវ៉េ ៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលផ្សាយនៅលើគេហទំព័ររបស់ខ្លួននៅថ្ងៃពុធនេះ ស្ថានទូតអាមេរិកប្រចាំក្នុងប្រទេសស៊ីមបាវ៉េបានណែនាំបុគ្គលិកទាំងអស់កុំឲ្យចាកចេញពីផ្ទះ ខណៈដែល មានការប៉ាន់ស្មានថា នឹងមានការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍នោះបាននិយាយថា ពលរដ្ឋអាមេរិកទាំងអស់នៅក្នុងប្រទេសស៊ីមបាវ៉េត្រូវបានណែនាំឲ្យស្នាក់នៅក្នុងផ្ទះរហូតដល់មានការជូនដំណឹងលម្អិតបន្ថែម ហើយបានបន្ថែមថា ស្ថានទូតអាមេរិកនៅក្នុងប្រទេសនេះក៏នឹងត្រូវបិទទ្វារផងដែរនៅថ្ងៃពុធនេះ។
ការជូនដំណឹងនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមទាហានត្រូវបានដាក់ពង្រាយនៅទូទាំងរដ្ឋធានីហារ៉ារ៉េ (Harare) ប្រទេសស៊ីមបាវ៉េ និងមានការរឹបអូសប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៅថ្ងៃពុធនេះបន្ទាប់ពីគណបក្សកាន់អំណាចរបស់ប្រធានាធិបតីស៊ីមបាវ៉េលោក រ៉ូបឺត មូហ្គាបេ (Robert Mugabe) បានចោទប្រកាន់មេបញ្ជាការយោធាម្នាក់ពីបទក្បត់ជាតិ។
គួរបញ្ជាក់ថា នេះគឺជាលើកដំបូងដែលប្រទេសអាហ្វ្រិកខាងត្បូងមួយនេះកំពុងមើលឃើញនូវការបែកបាក់ជាចំហរវាងយោធា និងលោក មូហ្គាបេ (Mugabe) ដែលជាមេដឹកនាំរដ្ឋវ័យចំណាស់គេនៅលើពិភពលោកដែលបានកាន់អំណាចចាប់តាំងពីទទួលបានឯករាជ្យពីក្រុមជនជាតិភាគតិចស្បែកសនៅក្នុងឆ្នាំ១៩៨០៕