រាជធានីភ្នំពេញ ៖ តុលាការកំពូល នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧នេះនឹងបើកសវនាការជាសាធារណៈលើបណ្តឹង «រំលាយបក្សសង្គ្រោះជាតិ» ដោយមានចៅក្រម៩រូប និងតំណាងមហាអយ្យការមួយរូប ក្រឡាបញ្ជីមួយរូប និងមានមេធាវីដើមបណ្តឹងមាន៤រូប។ នៅក្នុងអង្គសវនាការ គឺមិនអនុញ្ញាតឲ្យថតសំឡេង និងថតរូបភាពទេ។
ចំណែកថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិចំនួន១១៨រូប ក៏ក្រុមមេធាវីជឿជាក់ថា នឹងត្រូវតុលាការកំពូលផ្អាកសកម្មភាពនយោបាយ៥ឆ្នាំផងដែរ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ។
សូមបញ្ជាក់ថា នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧ម្សិលមិញនេះ ក្រុមមេធាវីតំណាងក្រសួងមហាផ្ទៃ បានដាក់បញ្ជីឈ្មោះថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិមួយរូបទៀត ជូនតុលាការកំពូល ដោយស្នើឱ្យផ្អាកសកម្មភាពនយោបាយរយៈពេល៥ឆ្នាំ ដែលពេលនេះបញ្ជីឈ្មោះថ្នាក់ដឹកនាំរបស់បក្សសង្គ្រោះជាតិ បានកើនដល់១១៨រូបហើយ៕