រថយន្តក្រុង​បុក​គ្នា​​បណ្តាល​ឲ្យ​មនុស្ស​១៥​នាក់​ស្លាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 November, 2017 ក+ ក-

​រុស្ស៊ី ៖ ប៉ូលិស​តំបន់​បាន​និយាយ​ពីថ្ងៃ​ព្រហស្បតិ៍​ថា រថយន្តក្រុង​និង​រថយន្ត​ធំ​បាន​បើក​បុក​គ្នា​នៅ​ភាគ​កណ្ដាល​ប្រទេស​រុស្ស៊ី​ស្លាប់​មនុស្ស​យ៉ាងតិច​១៥​នាក់​។​
​ប៉ូលិស​នៅ​តំបន់​ម៉ា​រីអែ​ល​នៅ​ប្រទេស​រុស្ស៊ី​បាន​និយាយថា រថយន្ត​ទាំង​២​នេះ​បាន​បើក​បុក​គ្នា​កាលពី​ល្ងាច​ថ្ងៃ​ម្សិលមិញ​នេះ​នៅ​ខាងក្រៅ​ទីក្រុង​យ៉ូ​ស្កា​អូ​ឡា (Yoshkar Ola) នៅ​តំបន់​ម៉ា​រី​អែល​ដែល​ស្ថិតនៅ​ចម្ងាយ​៧៦៥​គីឡូម៉ែត្រ​ខាងកើត​ទីក្រុង​ម៉ូស្គូ​នៅ​ប្រទេស​រុស្ស៊ី​។​
​មន្ត្រីប៉ូលិស​មូលដ្ឋាន​បាន​និយាយ​ពី​យប់មិញ​ថា ចំនួន​អ្នកស្លាប់​បាន​កើន​ឡើងដល់​ចំនួន​១៥​នាក់​ក្រោយពី​ស្ត្រី​ម្នាក់​បាន​ស្លាប់​នៅតាម​ផ្លូវ​បញ្ជូនទៅ​មន្ទីរពេទ្យ ខណៈ​មនុស្ស​ចំនួន​៤​នាក់​ទៀត​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុងនោះ​មាន​មនុស្ស​ចំនួន​២​នាក់​រងរបួស​ធ្ងន់​។​
​ប៉ូលិស​បញ្ជាក់ថា ដើមហេតុ​នៃ​គ្រោះថ្នាក់​នេះ​គឺ​រថយន្តក្រុង​កំពុងធ្វើដំណើរ​តាមផ្លូវ ហើយ​ក៏បាន​ព្យាយាម​បើក​វ៉ា​រថយន្ត​មួយទៀត​ធ្វើ​ឲ្យ​ជ្រុល​ទៅបុក​នឹង​រថយន្ត​ធំ​ដឹកឈើ​ដែល​កំពុងធ្វើដំណើរ​បញ្ច្រាស​ទិស​គ្នា​តែម្ដង ហើយ​អាកាសធាតុ​អាចជា​កត្តា​ចម្បង​នៃ​គ្រោះថ្នាក់​នេះ​ព្រោះ​នៅ​តំបន់​នោះ​មានការ​ធ្លាក់​ព្រិល​ខ្លាំង​៕