រាជធានីភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ បានចេញលិខិតមួយទៀត បង្គាប់ឲ្យអាជ្ញាធរ គ្រប់រាជធានី-ខេត្ត ចាប់ផ្ដើមចុះអនុវត្ដសាលដីកា របស់តុលាការកំពូល ដោយទម្លាក់ស្លាក, បដា និងពាក្យស្លោកផ្សេងៗ របស់គណបក្សសង្គ្រោះជាតិ នៅទូទាំងប្រទេស ក្រោយពីគណបក្សនេះត្រូវបានតុលាការកាត់ទោសរំលាយចោល។
សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ តុលាការកំពូលរបស់កម្ពុជា បានប្រកាសសាលដីកាសម្រេចឲ្យរំលាយគណបក្សសង្គ្រោះជាតិ ចាប់ពីថ្ងៃចេញដីកានេះតទៅ ដោយសារតែគណបក្សនេះ បានប្រព្រឹត្តអំពើក្បត់ជាតិជាប្រព័ន្ធឃុបឃិតជាមួយបរទេស ក្នុងគោលដៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់របស់កម្ពុជា។ ជាមួយគ្នានេះ តុលាការកំពូល ក៏បានប្រកាសហាមឃាត់ដល់មន្ត្រីថ្នាក់ដឹកនាំ គណបក្សសង្គ្រោះជាតិ ចំនួន១១៨នាក់ មិនឲ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ៕