ពលរដ្ឋ​ខ្មែរ​ចំនួន​១៥​នាក់​ត្រូវ​សមត្ថកិច្ច​ថៃ​ចាប់ខ្លួន​ខណៈ​លួច​ចូល​កាប់​ឈើ​គ្រញូង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 November, 2017 ក+ ក-

​ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ចំនួន​១៦​នាក់​ដែល​ក្នុងនោះ​មាន​ពលករ​ខ្មែរ​ចំនួន​១៥​នាក់ ផង​នោះ ត្រូវបាន​កំលាំងចម្រុះ​ថៃ​ធ្វើការ​ចាប់ខ្លួន ព្រមទាំង​បាន​បញ្ជូនទៅ​អោយកំលាំង​ជំនាញ​ស្រុក​វ​ឌ្ឍ​នា​ណៈ​ខន ដើម្បី​សាកសួរ​បន្ត​ផងដែរ ខណៈដែល​ពួកគេ​ទាំងអស់គ្នា​បាន​លបលួច​ចូលទៅ​កាប់ និង​ស្ពាយ​ឈើ​គ្រញូង​ជាច្រើន​ផ្ទាំង ចេញពី​តំបន់​ព្រៃ​ហាមឃាត់​។​
​យោងតាម​របាយការណ៍​របស់​ភាគី​ថៃ​បានអោយដឹងថា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៧ វេលា​ម៉ោង ៧ ព្រឹក កំលាំងចម្រុះ​ដែលមាន​ក្រុម​ទាហាន​ឈុតខ្មៅ តម្រួត មន្ត្រី​អនុរក្ស​តំបន់ ឧទ្យាន​ជាតិ ប៉ាង​ស៊ី​ដា និង​កំលាំង​រដ្ឋបាល​ព្រៃឈើ សរុប​ប្រមាណ​៣០​នាក់​បានធ្វើ​ការឡោមព័ទ្ធ និង​រុក​ចូលទៅ​ក្នុងព្រៃ ក្នុង​តំបន់ហាមឃាត់​ខាងលើ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ថា មាន​មនុស្ស​ជាច្រើន​នាក់​បាន​លបចូល​ទៅក្នុង​ព្រៃ​ដើម្បី​ស្ពាយ​ផ្ទាំង ឈើ​គ្រញូង​ចេញមកក្រៅ ប្រគល់​ទៅអោយ​មេ​ឈ្មួញ​ខ្មែរ​។​
​នៅក្នុង​កិច្ចប្រតិបត្តិការ​ចម្រុះ​នេះ កំលាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​១៦​នាក់ ដែល​ក្នុងនោះ​មាន​ជនជាតិ​ថៃ​ម្នាក់ និង​ជនជាតិខ្មែរ​ចំនួន​១៥​នាក់ ព្រមទាំង​បាន​ដកហូត​ឈើ​គ្រញូង​បាន​ចំនួន ៤៣ ផ្ទាំង កាំភ្លើង​កែច្នៃ ចំនួន​៦​ដើម​និង​កញ្ឆា​មួយចំនួន​ដែល​ទីតាំង​នៃ​ការឃាត់ខ្លួន​នេះ​ស្ថិតក្នុង​តំបន់​ម៉ៃ​សិរី​ចំប៉ា​ក្នុង​ឃុំ​ណង​ម៉ាក​ហ្វា​យ ស្រុក​
​វ​ឌ្ឍ​នា​ណៈ​ខន​ខេត្ត​ស្រះកែវ​ប្រទេស​ថៃ ។​
​ក្រោយពី​ធ្វើការ​ឃាត់ខ្លួន​ព្រមទាំង​បាន​ដកហូត​នូវ​វត្ថុតាង​មួយចំនួន​រួចមក​សមត្ថកិច្ច បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំងអស់ ទៅកាន់​ផែ្ន​ក​រដ្ឋបាល​ព្រៃឈើ ស្រុក​វ​ឌ្ឍ​នា​ណៈ​ខន ដើម្បី​សាកសួរ​បន្ត រក​មេក្លោង​ដែល​នៅ​ពី​ក្រោយខ្នង ក្នុងការ​អនុវត្ត តាមផ្លូវ​ច្បាប់ ៕