កេនយ៉ា ៖ ក្រុមមេដឹកនាំបក្សប្រឆាំងនៅប្រទេសកេនយ៉ានិយាយថា ប៉ូលិសកំពុងប្រើកាំភ្លើង និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកប្រជាពលរដ្ឋនៅតំបន់ក្រីក្រក្នុងទីក្រុងមួយកន្លែងដែលតវ៉ាប្រឆាំងការសម្លាប់ប្រជាពលរដ្ឋចំនួន៤នាក់ក្នុងការវាយប្រហារមួយដែលគេសង្ស័យថា មានការពាក់ព័ន្ធនឹងបញ្ហាជាតិសាសន៍។
ប៉ូលិសនៅទីក្រុងណៃរ៉ូប៊ីប្រទេសកេនយ៉ាលោក ចាផេត កូម បានចាត់ទុកការសម្លាប់មនុស្សកាលពីយប់ថ្ងៃអាទិត្យថា អំពើឃាតកម្ម ហើយមេបក្សប្រឆាំងលោក រ៉ៃឡា អូឌីងហ្គា និយាយថា អ្នកស្លាប់ទាំងនេះគឺរស់នៅសហគមន៍មួយដែលគាំទ្រគណបក្សប្រឆាំងរបស់លោក។ មេបក្សប្រឆាំងរូបនេះក៏បានបញ្ជាក់ដែរថា សមាជិកសភាម្នាក់ក៏បានរងការបាញ់ប្រហាររបួសជើងនៅពេលធ្វើបាតុកម្មនេះដែរ ហើយលោកបានសុំឲ្យអន្តរជាតិជួយធ្វើអន្តរាគមន៍ពីវិបត្តិនយោបាយនេះ។
សូមបញ្ជាក់ថា ភាពតានតឹងរវាងជាតិសាសន៍នៅប្រទេសនេះបានកើនឡើងខ្លាំងតាំងពីតុលាការបានបដិសេធការជាប់ឆ្នោតជាថ្មីរបស់ប្រធានាធិបតីលោក អ៊ូហ៊ូរូ កេនយ៉ាតា កាលពីខែសីហាក្រោយពីលោក អូឌីងហ្គា បានជំទាស់នឹងជ័យជម្នះនេះនៅតុលាការកំពូលដោយសារការលួចបន្លំសន្លឹកឆ្នោត៕