ឥណ្ឌា ៖ សត្វដំរីអាស៊ីជិតផុតពូជចំនួន២ក្បាលត្រូវបានរថភ្លើងដឹកអ្នកដំណើរមួយគ្រឿងបុកបណ្ដាលឲ្យស្លាប់នៅជិតទីក្រុងហ្គូវ៉ាហាទីនៅភាគឦសានប្រទេសឥណ្ឌា។
មន្ត្រីអភិរក្សសត្វព្រៃលោក ប្រូឌីបតា បារូ បាននិយាយថា សត្វដំរីដែលស្លាប់ទាំង២ក្បាលនេះគឺស្ថិតនៅចំណោមហ្វូងដំរីចំនួន១៥ក្បាលដែលបានដើរផ្សងព្រេងឆ្លងទៅចូលក្នុងតំបន់នេះដើម្បីរកចំណីនៅមុនពេលព្រះអាទិត្យរះកាលពីថ្ងៃអាទិត្យ។ មន្ត្រីអភិរក្សរូបនេះបានបញ្ជាក់ថា ហ្វូងដំរីទាំងនេះបាននាំគ្នាដើរឆ្លងកាត់ផ្លូវរថភ្លើង ហើយដំរី២ក្បាលដែលស្លាប់នេះបានដើរក្រោយគេដែលត្រូវបានរថភ្លើងបុកបណ្ដាលឲ្យស្លាប់តែម្ដង។
គ្រោះថ្នាក់នេះបានកើតឡើងនៅរដ្ឋអាស្សាមជាតំបន់ដែលមានសត្វដំរីអាស៊ីរាប់ពាន់ក្បាលតាំងជម្រកនៅទីនោះ ហើយក៏តែងតែរងគ្រោះដោយសាររថភ្លើងបុកបណ្ដាលឲ្យស្លាប់ឬរបួសជាប្រចាំផងដែរ៕