រាជធានីភ្នំពេញ ៖ អនុប្រធាន និងសមាជិកចំនួន៣រូបរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប មកពីអតីតគណបក្សសង្គ្រោះជាតិបានដាក់ពាក្យលាលែងពីតួនាទី និងមុខតំណែង។ នេះបបើយោងលិខិតសុំលាលែងរបស់ពួកគេទាំង៣នាក់ ដែលបានដាក់ចូលទៅរដ្ឋសភាកាលពីម្សិលមិញ។
សមាជិក គ.ជ.ប ដែលបានដាក់ពាក្យលាលែងពីតំណែងនោះរួមមាន លោក គួយ ប៊ុនរឿង អនុប្រធានគ.ជ.ប, លោក រ៉ុង ឈុន សមាជិកគ.ជ.ប និងលោកស្រី តែ ម៉ានីរ៉ុង សមាជិកគ.ជ.ប។ ការលាលែងនេះ បានកើតឡើងក្រោយពីតុលាការកំពូល នៃប្រទេសកម្ពុជា សម្រេចរំលាយគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ពាក់ព័ន្ធទៅនឹងអំពើក្បត់ជាតិ។ ចំណែកលោក ហ៊ីង ធីឫទ្ធិ សមាជិកគ.ជ.ប កូតាអតីតគណបក្សសង្គ្រោះជាតិដែរនោះ បានប្រកាសថា លោកមិនលាលែងពីតំណែង របស់លោកឡើយ។ លោកបានថ្លែងបញ្ជាក់តាមលិខិតរបស់លោកថា គ.ជ.ប ជាស្ថាប័នឯករាជ្យ ហើយលោកនឹងបម្រើស្ថាប័ននេះតទៅមុខទៀត៕