អាមេរិក ៖ កាលពីថ្ងៃអង្គារ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មប្រឆាំងនឹងអង្គការចំនួន១៣របស់ចិននិងកូរ៉េខាងជើងដែលក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ថា បានជួយរារាំងការរឹតត្បិតនុយក្លេអ៊ែរប្រឆាំងនឹងទីក្រុងព្យុងយ៉ាងនិងគាំទ្រដល់ប្រទេសតាមរយៈការធ្វើពាណិជ្ជកម្ម។
ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសសកម្មភាពនេះមួយថ្ងៃបន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានដាក់ប្រទេសកូរ៉េខាងជើងចូលក្នុងបញ្ជីរដ្ឋឧបត្ថម្ភអំពើភេរវកម្មវិញ។
ការដាក់ទណ្ឌកម្មថ្មីនេះបានបង្ហាញពីការផ្តោតការយកចិត្តទុកដាក់របស់រដ្ឋបាលលោក Trump លើការធ្វើឲ្យខូចពាណិជ្ជកម្មរវាងចិននិងកូរ៉េខាងជើងដែលខ្លួនបាននិយាយថា គឺជាគន្លឹះក្នុងការដាក់សម្ពាធទីក្រុងព្យុងយ៉ាងឲ្យងាកចេញពីមហិច្ឆតារបស់ខ្លួនក្នុងការអភិវឌ្ឍមីស៊ីលដែលមានសមត្ថភាពនុយក្លេអ៊ែរអាចវាយប្រហារសហរដ្ឋអាមេរិក។
លោក Steven T. Mnuchin រដ្ឋមន្ត្រីក្រសួងរតនាគារបាននិយាយថា “ការកំណត់នេះនឹងដាក់ទណ្ឌកម្មបន្ថែមទៀតហើយដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងនិងមនុស្សដែលពាក់ព័ន្ធហើយវាគាំទ្រដល់យុទ្ធនាការដាក់សម្ពាធអតិបរិមារបស់យើងដើម្បីបំបែករដ្ឋឃាតកម្ម”។
ការដាក់ទណ្ឌកម្មនេះរួមមានការដាក់បញ្ចូលក្នុងបញ្ជីនៃក្រុមហ៊ុនចិនចំនួន៣គឺក្រុមហ៊ុន Dandong Kehua Economy & Trade Co., Dandong Xianghe Trading Co., និង Dandong Hongda Trade Co., ដែលក្រសួងរតនាគារនិយាយថា បានធ្វើពាណិជ្ជកម្មក្នុងចំនួនទឹកប្រាក់ជាង៧៥០លានដុល្លាររួមគ្នាជាមួយកូរ៉េខាងជើង។
ទណ្ឌកម្មទាំងនេះក៏បានដាក់បញ្ចូលលោក Sun Sidong និងក្រុមហ៊ុន Dandong Dongyuan Industrial Co. របស់គាត់នៅក្នុងបញ្ជីខ្មៅផងដែរ។ នៅក្នុងរបាយការណ៍កាលពីខែមិថុនា អង្គការ C4ADS បានឲ្យដឹងថា ក្រុមហ៊ុនរបស់លោក Sun Sidong គឺជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងរវាងក្រុមហ៊ុនចិនដែលមានសមាមាត្រពាណិជ្ជកម្មយ៉ាងច្រើនជាមួយកូរ៉េខាងជើង។
ទណ្ឌកម្មថ្មីនេះក៏បានប៉ះពាល់ដល់ក្រុមហ៊ុនកូរ៉េខាងជើងជាច្រើនផងដែរដែលបញ្ជូនកម្មករទៅប្រទេសមួយចំនួនដូចជារុស្ស៊ី ប៉ូឡូញ កម្ពុជានិងចិន។ អាជ្ញាធរអាមេរិកបាននិយាយថា ពួកគេកំពុងស្វែងរកការកាត់ផ្តាច់ប្រាក់ដែលកូរ៉េខាងជើងរកបានពីការនាំចេញពលករ៕