ភ្នំពេញ៖ សមត្ថកិច្ចចម្រុះបានតាមប្រមាញ់ចាប់ក្រុមប្រដាប់អាវុធឈ្មោះកែវ វិទូ ដែលជាប្រុសលោកកែវ សុខឃាង អតីតមេគយ នៅក្នុងបុរីពិភពថ្មី នៅជិតទូរទស្សន៍អាស៊ីអាគ្នេយ៍ ខណៈយកឡានទំនើបទៅផ្លុងចោល បន្ទាប់ពីពួកគេបានធ្វើសកម្មភាពបាញ់បោះសេរីនៅក្នុងក្លឹបកំសាន្តរ៉ុ ក ជិតបឹងត្របែក កាលពីយប់រំលងអាធ្រាតឈានចូលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥។
ប្រភពច្បាស់ការណ៍ពីកន្លែងកើតហេតុបានឲ្យដឹងថា ក្រុមជនប្រដាប់អាវុធដែលបានបាញ់រះនៅក្នុងក្លឹបរ៉ុក គឺមានខ្លះស្លៀកពាក់ជាឯកសណ្ឋានសមត្ថកិច្ច និងស៊ីវិល ដោយក្នុងនោះ មានវត្តមានលោកកែវ សុខឃាង អតីតមេគយ ទូទាំងប្រទេស រួមទាំងកូនប្រុសឈ្មោះ កែវ វិទូ និងម្នាក់ទៀតជាប្អូនប្រុសរបស់ប្រពន្ធ ព្រមទាំងបក្សពួកមួយចំនួនទៀត ដោយពួកគេជិះរថយន្តឡិចស៊ីស៥៧០ ពណ៌ពាក់ស្លាកលេខ ២AA 0007 ហើយក្រុមនេះបានឈ្លោះប្រកែកគ្នាជាមួយមនុស្សមួយក្រុមទៀត នៅក្នុងក្លឹបរ៉ុក ដោយ មានការប្រតាយប្រតប់គ្នាប្រើអំពើហិង្សាទៅវិញទៅមក នៅមុខបន្ទប់លេខ២៥១។ ដោយមិនអស់ចិត្ត និងអាងអំណាចរបស់ខ្លួន និងជោគជាំដោយគ្រឿងស្រវឹងនោះ ក្រុមប្រដាប់អាវុធ ដែលជាក្រុមរបស់កូន និងប្អូនថ្លៃរបស់លោក កែវ សុខឃាង បានយកកាំភ្លើង AK-47 ចេញពីក្នុងរថយន្តទំនើប ឡុចស៊ីស ៥៧០ បានបាញ់រះ ចូលទៅក្នុងក្លឹបអស់ជិតមួយបង់ ដោយបានបណ្តាលឲ្យមនុស្សពីរនាក់ រងរបួស (ម្នាក់ជាមន្ត្រីនគរបាល) និងខូចខាតសំភារៈមួយចំនួននៅក្នុងក្លឹប។
ក្រោយកើតហេតុ កំលាំងអាជ្ញាធរមានសមត្ថកិច្ច បានរកឃើញរថយន្តរបស់ក្រុមប្រដាប់អាវុធ យកទៅផ្លុង ចោលនៅមុខស្ថានីយទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅទីតាំងផ្លុងរថយន្តនោះ ក្រុមសមត្ថកិច្ចចម្រុះបានឡោមព័ទ្ធ ដើម្បីតាមរកមុខជនបង្កយកមក ចាត់ការតាមច្បាប់។ ចំណែកក្រុមសមត្ថកិច្ចចម្រុះមួយក្រុមទៀតក៏បានត្រួតពិនិត្យសាកសួរ សាក្សីនៅមជ្ឈមណ្ឌលរ៉ុកផងដែរ៕