ខេត្តបាត់ដំបង ៖ ជើងងខ្លាំងពីរនាក់ជំនាញខាងឆក់កាបូបប្រចាំខេត្តត្រូវបានក្រុមអន្តរាគមន៍បង្ការ បង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដឹកនាំចុះប្រត្តិបត្តិការផ្ទាល់ដោយលោកអនុសេនីយ៍ឯក ឈឿង គឹមសុងបង្ក្រាបកាលពីថ្ងៃទី២២ វិច្ឆិកា ឆ្នាំ២០១៧ វេលាម៉ោង១២ និង៤០នាទី នៅចំណុចសណ្ឋាគារផាក ស្ថិតក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន២នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបយ៉ាងសកម្មនៅក្នុងខេត្តបាត់ដំបងត្រូវបានឃាត់ខ្លួននោះ ទី១. ឈ្មោះ សឺម សីហា ហៅ ង៉ា ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិវត្តតាមឹម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។ ទី២. ឈ្មោះ អេង ឆៃ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះមានឈ្មោះ សែ លីដា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ រីឯវត្ថុតាងដកហូតរួមមាន ៖ កាបូបស្បែកកាន់ដៃចំនួន០១ និងសំភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នក្រុមបង្ការ បង្ក្រាបបានប្រគល់ឲ្យទៅការិយាល័យជំនាញដើម្បីចាត់ការតាមនីតិវិធីច្បាប់៕