ស្ស៊ីមបាវ៉េ ៖ កាលពីថ្ងៃពុធអតីតអនុប្រធានាធិបតីស្ស៊ីមបាវ៉េលោក អេមមឺសុន ណាង៉ាវ៉ា (Emmerson Mnagagwa) បានវិលត្រឡប់មកកាន់រដ្ឋធានីហារ៉ារ៉េ (Harare) វិញជាមួយនឹងការស្វាគមន៍យ៉ាងកក់ក្តៅ ខណៈដែលនៅថ្ងៃទី២៤ ខែវិច្ឆិកានេះលោកនឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់មួយនេះ។
ថ្លែងទៅដល់ប្រជាពលរដ្ឋស្ស៊ីមបាវ៉េ នៅទីស្នាក់ការកណ្តាលគណបក្សកាន់អំណាចកាលពីរសៀលថ្ងៃពុធម្សិលមិញ អនគតប្រធានាធិបតីរូបនេះបានថ្លែងអំណរគុណទៅដល់ប្រជាពលរដ្ឋចំពោះការជឿជាក់ និងការគាំទ្ររបស់ពួកគេ និងកោតសរសើរចំពោះសកម្មភាពរបស់យោធា។ លោក ណាង៉ាវ៉ា (Mnangagwa) បានប្តេជ្ញាឆន្ទៈរបស់លោក និងជំរុញឲ្យពលរដ្ឋស្ស៊ីមបាវ៉េទាំងអស់ចូលរួមចំណែកនៅក្នុងការបង្កើតការងារ និងកែប្រែសេដ្ឋកិច្ចជាតិឡើងវិញ ក្នុងអំឡុងពេលលោកបម្រើការនៅក្នុងអាណត្តិរបស់លោក មូហ្គាបេ ដែលនៅសល់រហូតដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៨។
សូមបញ្ជាក់ថា បន្ទាប់ពីការលាលែងពីតំណែងរបស់លោក រ៉ូបឺត មូហ្គាបេ (Robert Mugabe) កាលពីថ្ងៃអង្គារ, លោក ណាង៉ាវ៉ា (Mnangagwa) ត្រូវបានគណបក្សកំពុងកាន់អំណាចជ្រើសរើសឲ្យឈរឈ្មោះជាប្រធានាធិបតីស្ស៊ីមបាវ៉េថ្មី ដែលនឹងត្រូវបានតែងតាំងដោយសភា។ លោក ណាង៉ាវ៉ា (Mnangagwa) នឹងក្លាយជាប្រធានាធិបតីស៊ីមបាវ៉េទី៣ចាប់តាំងពីប្រទេសមួយនេះបានទទួលឯករាជ្យកាលពីឆ្នាំ១៩៨០មក៕