រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ផ្តល់កាដូរកិត្តិយស ដល់បងប្អូនក្នុងអតីតបក្សសង្គ្រោះ ដើម្បីរៀបចំការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើប្រយោជន៍ប្រជាជនរហូតដល់ ម៉ោង៩:០០យប់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។ ការពន្យារពេលនេះ គឺដើម្បីទុកឱកាសពេលវេលាបងប្អូន ពូ មីង រៀបចំខ្លួន ហើយដោយសារចរន្តនៃការចូលរួមក្នុងជីវភាពនយោបាយជាមួយ CPP កាន់តែច្រើនឡើង។
ជាពិសេសជាងនោះទៅទៀត សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសផ្ដល់កាដូដ៏ធំជូនបេក្ខជនបម្រុងរបស់អតីតគណបក្សសង្គ្រោះជាតិ ដែលមិនជាប់ឆ្នោតនឹងទទួលបានតំណែង ជាសមាជិកក្រុមប្រឹក្សា ឬជំទប់ នៅពេលចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។
ប្រមុខនៃរាជរដ្ឋាភិបាលក៏បានលើកឡើងផងដែរថា នេះជាឱកាសដ៏ពិសេសមួយសម្រាប់បងប្អូន ដែលបានឈរឈ្មោះឲ្យគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់ តែមិនបានជាប់ឆ្នោត «នឹងទទួលបានប្រាក់ខែ ព្រមទាំងតួនាទី នៅក្នុងឃុំសង្កាត់ដែលឈរឈ្មោះនោះ នៅពេលដែលបងប្អូនយល់ព្រមចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា»៕